(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៦២៤ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,១៨០នាក់។
យោងតាមរបាយការណ៍ពីអនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ១៤៥នាក់ទៀតត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅថ្ងៃសៅរ៍នេះ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៤៥,៦៨៦នាក់ ក្នុងនោះស្លាប់ ១,៣០៦នាក់ និងជាសះស្បើយ ៣៨,៧៣៤នាក់៕