(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានគូសបញ្ជាក់ច្បាស់ៗថា លោកនឹងមិនលាលែងពីតំណែង ហើយក៏នឹងមិនរំលាយសភានោះដែរ ខណៈប្រទេសអាស៊ានមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដ៏លំបាកបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅល្ងាចថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។
លោក Prayut ក៏បានព្រមានដល់អ្នកនយោបាយមួយផងដែរថា ពួកគេមិនត្រូវឆ្លៀតឱកាសកេងចំណេញនយោបាយ ទៅលើវិបត្តិជំងឺ COVID-19 និងញុះញង់ឱ្យមានការស្អប់ខ្ពើមនោះទេ ព្រោះវានឹងធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស កាន់តែអាក្រក់ទៅៗ។
លោក Prayut បានធ្វើការកត់សម្គាល់ដូចខាងលើនេះនៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានចេញផ្សាយតាមប្រព័ន្ធអ៊ិនធើណេតភ្លាមៗ បន្ទាប់ពីការបញ្ជារបស់លោក ក្នុងការហាមឃាត់ការចែកចាយ «ព័ត៌មានក្លែងក្លាយ» ឬព័ត៌មានដែលបង្កឱ្យមានការភ័យខ្លាចជាសាធារណៈ នៅគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
ឆ្លើយតបទៅនឹងសំនួរមួយថា តើលោកនាយករដ្ឋមន្ត្រីនឹងពិចារណាលើការរំលាយសភា ហើយនឹងចុះចេញពីតំណែងដែរឬទេ? លោក Prayut បាននិយាយថា «វាមិនមែនជាពេលវេលាដែលខ្ញុំត្រូវគិតពីរឿងនោះទេ។ ខ្ញុំខិតខំប្រឹងធ្វើការជារៀងរាល់ថ្ងៃ… ខ្ញុំខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព តាមរយៈការស្តាប់ប្រជាជន និងទទួលបានព័ត៌មានថ្មីៗពីវេជ្ជបណ្ឌិត និងមន្រ្តីសុខាភិបាលសាធារណៈ»។
លោក Prayut បាននិយាយបន្ថែមថា «ខ្ញុំសូមអង្វរដល់អ្នកនយោបាយទាំងអស់ អ្នកគឺជាអ្នកតំណាងឱ្យប្រជាជន ហើយអ្នកគួរតែបង្ហាញពីការវិនិច្ឆ័យដ៏ត្រឹមត្រូវ។ នយោបាយមិនគួរត្រូវបានប្រើ ដើម្បីបង្កើតការស្អប់ខ្ពើមឡើយ ព្រោះប្រទេសកំពុងជួបបញ្ហានាពេលឥឡូវនេះ។ សូមកុំឆ្លៀតឱកាសនេះ បង្កបញ្ហាបន្ថែមទៀត»៕