(វ៉ាសីនតោន)៖ របាយការណ៍លេចធ្លាយមួយរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា COVID-19 បម្លែងថ្មី Delta ឆ្លងរីករាលដាលដូចជា ជំងឺអុតស្វាយយ៉ាងដូច្នោះ និងទំនងជាកាចសាហាវ ជាងវីរុសបម្លែងថ្មីដទៃៗទៀតរបស់ជំងឺនេះ ខណៈកម្រិតនៃការចម្លងទៅលើ អ្នកដែលបានចាក់វ៉ាក់សាំងរួច ប្រហែលមិនចាញ់អ្នកពុំបានចាក់វ៉ាក់សាំងប៉ុន្មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។
របាយការណ៍ផ្ទៃក្នុងមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា សង្រ្គាមប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានផ្លាស់ប្តូរដោយសារតែវីរុស Delta។ ក្នុងសប្តាហ៍នេះ នាយក CDC លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walenksy) បានយោងលើទិន្នន័យពី ក្នុងរបាយការណ៍នោះ ដើម្បីជាហេតុផលជំរុញឲ្យមានការពាក់ម៉ាសឡើងវិញ សម្រាប់អ្នកចាក់វ៉ាក់សាំង នៅតាមតំបន់មានហានិភ័យខ្ពស់ ក្នុងសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ខាងលើ អ្នកដែលបានចាក់វ៉ាក់សាំងដែលឆ្លងជំងឺ COVID-19 គឺប្រហែលអាចចម្លងទៅកាន់អ្នកដទៃ ក្នុងកម្រិតមិនចាញ់អ្នក ដែលពុំបានចាក់វ៉ាក់សាំងនោះទេ។ CDC អាមេរិកបានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកបានចាក់វ៉ាក់សាំងរួច ប្រសិនបើឆ្លង គឺពួកគេប្រហែលមានរោគសញ្ញាកម្រិតស្រាល ឬមិនមានរោគសញ្ញាអ្វីទាល់តែសោះ ប៉ុន្តែចំណុចសំខាន់នោះ គឺពួកគេក៏អាចចម្លងជំងឺនេះ ទៅកាន់អ្នកដទៃទៀត ពោលគឺមិនខុសអ្វីពីអ្នកដែលមិនចាក់វ៉ាក់សាំងនោះឡើយ»។
មួយវិញទៀត ខណៈវីរុសដើមនៃ COVID-19 មានសមត្ថភាពចម្លងដូចជំងឺផ្តាសាយទូទៅ មនុស្សម្នាក់ដែលផ្ទុកវីរុស Delta ជាមធ្យមអាចចម្លងទៅកាន់មនុស្ស ០៨នាក់ផ្សេងទៀត ដែលធ្វើឲ្យអត្រាចម្លងនេះស្មើនឹងជំងឺអុតស្វាយ ប៉ុន្តែនៅទាបជាងជំងឺកញ្រ្ជឹល។ របាយការណ៍របស់ CDC អាមេរិកបានបង្ហាញទៀតថា ករណីឆ្លងក្នុងចំណោមអ្នកចាក់វ៉ាក់សាំង ក៏មិនសូវកម្រដូចការស្មានកន្លងមកគឺ ៣៥,០០០ករណី (ករណីអ្នកមានរោគសញ្ញា) ក្នុងមួយសប្តាហ៍ ក្នុងចំណោមពលរដ្ឋអាមេរិក ១៦២លាននាក់ ដែលបានចាក់វ៉ាក់សាំងនោះដែរ។
យ៉ាងណាមិញ របាយការណ៍ CDC អាមេរិកបានសន្និដ្ឋានថា វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់ បានប្រហែល ១០ដង ឬច្រើនជាងនេះក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំង ខណៈហានិភ័យនៃការឆ្លង គឺត្រូវបានកាត់បន្ថយ ០៣ដង ឬច្រើនជាងនេះ។ ប្រការនេះមានន័យថា វ៉ាក់សាំងមានប្រសិទ្ធភាពយ៉ាងហោច ៩០ភាគរយ ប្រឆាំងការឈឺធ្ងន់ និងស្លាប់ ហើយយ៉ាងហោច ៦៧ភាគរយការពារមិនឲ្យឆ្លងជំងឺ COVID-19 បម្លែងថ្មី។
គួរបញ្ជាក់តាមក្រុមអ្នកជំនាញអាមេរិក បានធ្វើការក្រើនរំលឹកជាថ្មីថា ខណៈការពាក់ម៉ាសអាចជួយ «បន្ថយកម្រិតនៃការឆ្លងរាលដាល» វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅតែជាដោះស្រាយចម្បង សម្រាប់វិបត្តិសុខភាពពិភពលោកមួយនេះ៕