(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដាក់ពាក្យប្ដឹងម្ចាស់ផ្ទាំង ប៉ាណូ ផ្សាយពាណិជ្ជកម្មម្នាក់ដែលបានយករូបរបស់លោកប្រដូចទៅនឹង អតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិត COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
លោក មីឆែល អង់ហ្សេ ផ្ល័រី (Michel-Ange Flori) ដែលជាម្ចាស់ផ្ទាំង ប៉ាណូ ផ្សាយពាណិជ្ជកម្មជាង ៤០០ផ្ទាំង នៅក្នុងតំបន់ Var ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង បានបង្ហោះសារលើ Twitter ដោយគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំទើបតែទទួលបានដំណឹងថានឹងត្រូវបង្ហាញខ្លួននៅឯស្ថានីយ៍ប៉ូលិសក្នុងទីក្រុង Toulon នៅថ្ងៃស្អែកនេះ (ថ្ងៃព្រហស្បតិ៍, ម៉ោងក្នុងតំបន់) បន្ទាប់ពីមានពាក្យប្ដឹងរបស់លោកប្រធានាធិបតី។ នៅក្រោមរបបម៉ាក្រុង អ្នកអាចលេងសើចចំអកអ្នកនាំសាររបស់ព្រះ ប៉ុន្តែការគូររូប ប្រដូចប្រធានាធិបតីទៅនឹងជនផ្ដាច់ការម្នាក់ បែរជាត្រូវបានចាត់ទុកថាជាការប្រមាថទៅវិញ»។
គួរបញ្ជាក់ថា ប្រជាជនបារាំងដែលនាំគ្នាធ្វើបាតុកម្មតវ៉ាជំទាស់នឹងវិធានការរឹតត្បិតប្រឆាំង COVID-19 របស់រដ្ឋាភិបាលលោក ម៉ាក្រុង កាលពីពេលថ្មីៗនេះ ក៏បានប្រដូច បារាំងសព្វថ្ងៃទៅនឹងរបបផ្ដាច់ការផងដែរ ហើយក្រុមអ្នកតវ៉ាខ្លះថែមទាំងបានលើកផ្ទះបដាដែលមានគូររូបលោក ម៉ាក្រុង ដូចអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ហ៊ីត្លែរទៀតផង៕