(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងអាចបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ ២.៥លានដូសក្នុងមួយថ្ងៃ នៅត្រឹមខែកញ្ញាខាងមុខ ហើយទីបំផុតនឹងអាចសម្រេចដល់គោលដៅ ៥លានដូសក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNA រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការដែនសមុទ្រ និងវិនិយោគនៃប្រទេសឥណ្ឌូណេស៉ី លោក ល៊ូហ៊ុត ប៊ីនសា ផានចៃតាន់ (Luhut Pandjaitan) បានកត់សម្គាល់ថា កម្មវិធីចាក់វ៉ាក់សាំងជាតិ កំពុងដំណើរការទៅមុខបានយ៉ាងល្អ។
លោក Pandjaitan បានគូសបញ្ជាក់ថា «មួយឬពីរសប្តាហ៍ខាងមុខនេះ វានឹងមានស្ថានភាពប្រសើរជាងនេះ។ ខែកក្កដានេះ យើងអាចផ្ដល់ការចាក់បានត្រឹមតែប្រហែល ១លានដូសប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែនៅខែសីហាខាងមុខនេះ វានឹងអាចកើនឡើងដល់ ១.៥ដូស ឬរហូតដល់ ២លានដូសក្នុងមួយថ្ងៃ»។
លោក Pandjaitan បានគូសបញ្ជាក់បន្ថែមថា «ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) តែងតែរំលឹកខ្ញុំ អំពីគោលដៅចាក់វ៉ាក់សាំងឱ្យបាន ៥លានដូសក្នុងមួយថ្ងៃ ហើយខ្ញុំជឿថាយើងនឹងអាចធ្វើបាន ប៉ុន្តែយើងត្រូវធ្វើវាបន្តិចម្តងៗ។ ដូច្នេះប្រសិនបើខែខាងមុខនេះ យើងទទួលបានជោគជ័យក្នុងការចាក់ឱ្យបាន ២លានដូសក្នុងមួយថ្ងៃ ខ្ញុំគិតថា វានឹងអាចកើនឡើងដល់ ២.៥លានដូសក្នុងមួយថ្ងៃ គិតត្រឹមខែកញ្ញាខាងមុខនេះ។ ខ្ញុំពិតជាមានទំនុកចិត្តខ្ពស់ ព្រោះយើងត្រូវដើរទៅមុខឲ្យលឿន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19»។
ប្រការនេះនឹងត្រួសត្រាយផ្លូវ ដើម្បីសម្រេចបានគោលដៅរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការចាក់វ៉ាក់សាំងយ៉ាងពេញលេញ ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន២០៨លាននាក់ ដែលកើនឡើងពីគោលដៅដំបូង ១៨១.៥លាននាក់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣.៣លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩០,០០០នាក់ និងអ្នកជាសះស្បើយជាង ២.៦លាននាក់។ ដោយឡែក មនុស្សជាង ១៩លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងពេញលេញ (ចំនួន០២ដូស) នៅទូទាំងប្រទេសឥណ្ឌូណេស៉ី៕