(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ទិន្នន័យសន្និដ្ឋានមួយដែល «ទស្សនាវដី្តរបស់បណ្ឌិតសភាវិទ្យាសាស្ត្រជាតិអាមេរិក» ចេញផ្សាយ បានញ៉ាំងឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៖ តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថា តាមការពិត ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសអាមេរិក ប្រហែលត្រូវបន្ទាប៦០ភាគរយ ពោលគឺប្រហែលមានជនជាតិអាមេរិកចំនួនជាង ៦៥លាននាក់បានឆ្លងជំងឺកូវីដ១៩។
ការសន្និដ្ឋាននេះធ្វើឱ្យអ្នកផងទាំងពួងយល់ដឹងជាថ្មីម្តងទៀតថា ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក អាមេរិកមិនបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងស្រុកទាល់តែសោះ អាមេរិកជាកង្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។ ដោយមកពីរដ្ឋាភិបាលអាមេរិកមិន បានចាត់វិធានការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រប់គ្រងការចេញពីស្រុកទៅកាន់បរទេស ដូច្នេះ វីរុសកូវីដ១៩ បាននិងកំពុងរីករាលដាលពីអាមេរិកទៅកាន់ តំបន់នានាលើពិភពលោក ទង្វើបែបនេះ ហាក់ដូចជាការ «ដាក់ថ្នាំបំពុល» ក្នុងក្របខណ្ឌពិភពលោកទាំងមូល។
បើរំលឹកឡើងវិញពីតារាងពេលវេលា នៃការរីករាលដាលនៃជំងឺឆ្លងក្នុងអាមេរិក អាចឃើញថា នៅឆ្នាំ២០១៩ អាមេរិកក៏បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ រួចហើយ ប៉ុន្តែដោយគិតពិចារណាពីផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ រដ្ឋាភិបាលអាមេរិកបានបិទបាំងព័ត៌មានដោយចេតនា ព្រមទាំងបានដាក់សម្ពាធទៅលើអ្នកវិទ្យាសាស្ត្រ ដែលបានផ្តល់ការព្រមានជាមុន ហើយមិនអើពើនឹងព័ត៌មានអំពីការរីករាលដាល នៃជំងឺឆ្លងដែលប្រទេសចិននិងអង្គការសុខភាពពិភពលោក បានជូនដំណឹងដោយទាន់ពេលវេលា អាមេរិកបានខកខានឱកាសសម្រាប់បង្កា រនិងគ្រប់គ្រង់ជំងឺឆ្លងម្តងហើយម្តងទៀត។ ប្រការនេះមិនគ្រាន់តែបណ្តាលឱ្យជំងឺឆ្លង បានរាតត្បាតនៅអាមេរិកយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលផងដែរ។
ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនយោបាយអាមេរិកមិនទទួលខុសត្រូវ ចំពោះពលរដ្ឋអាមេរិក ហើយក៏មិនអើពើនឹងសុខភាព និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន នៅលើពិភពលោកផងដែរ ។ តាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញឱ្យឃើញថា ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋអាមេរិក សរុប២៣លាន ១សែន ៩ម៉ឺន ៥ពាន់នាក់ បានធ្វើដំណើរទៅកាន់បរទេសតាមផ្លូវអាកាសនិងផ្លូវគោក។ ដោយមកពីរដ្ឋាភិបាលអាមេរិក មិនបានចាត់វិធានការណ៍បង្ការ និងគ្រប់គ្រង់ជំងឺឆ្លង ប្រកបដោយប្រសិទ្ធភាព ដូច្នេះ ពិភពលោកទាំងមូល បានក្លាយទៅជាអ្នករងគ្រោះ នៃការនាំចេញវីរុសរបស់អាមេរិក។
ក្រៅពីនេះ កងទ័ពអាមេរិកបានធ្វើសកម្មភាពយោធានៅទូទាំងពិភពលោក បានបង្កើតមូលដ្ឋានយោធា និងបន្ទប់ពិសោធន៍ជីវសាស្ត្រ នៅប្រទេសជាច្រើន នេះហើយក៏ជាការគំរាមកំហែងយ៉ាងខ្លាំងក្លា ចំពោះការបង្ការនិងគ្រប់គ្រង់ជំងឺកូវីដ១៩ ជាសកលផងដែរ។
តាំងពីដើមមក អាមេរិកមានទម្លាប់សួរដេញដោលទំនួលខុសត្រូវរបស់ប្រទេសដទៃ ប៉ុន្តែមិនដែលពិនិត្យកំហុសរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាល់តែសោះ។ ជាងនេះទៅទៀត អ្នកនយោបាយអាមេរិកមួយចំនួន បានទម្លាក់កំហុសឱ្យគេ និងធ្វើឱ្យបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ ក្លាយទៅជាបញ្ហានយោបាយ បន្តុះបង្អាប់ប្រទេសផ្សេងទៀត ដោយយកវីរុស និងការងារតាមដានរកប្រភពដើមនៃវីរុស ធ្វើជាលេស ក្នុងន័យបំភាន់ភ្នែករបស់អ្នកផងទាំងពួង និងបង្វែរទំនួលខុសត្រូវរបស់ខ្លួន ដែលអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដើម្បីសម្រេចបាននូវគោលបំណងនយោបាយរបស់ខ្លួន ដែលចង់មួលបង្កាច់និងដាក់សម្ពាធទៅលើប្រទេសចិន។ ទង្វើដ៏អាក្រក់បែបនេះ តាមពិតទៅហាក់ដូចជាបាននិងកំពុងផ្សព្វផ្សាយ «វីរុសនយោបាយ» ទៅកាន់ពិភពលោក ហើយវីរុសនេះកាន់តែគួរឱ្យខ្លាចជាង វីរុសកូវីដ១៩ទៅទៀត។
ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាទំនួលខុសត្រូវរួមរបស់មនុស្សជាតិ មិនមែនជាទីតាំងប្រមាញ់សត្វរបស់អ្នកនយោបាយអាមេរិក ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ អាមេរិកមិនត្រឹមតែទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងបាននាំចេញវីរុសទៅកាន់ពិភពលោក ហើយលេងល្បែងនយោបាយ និងរំខានដល់កិច្ចសហប្រតិបតិ្តការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលផងដែរ។ ទង្វើមិនទទួលខុសត្រូវទាំងនេះ មិនគោរពវិទ្យាសាស្ត្រផង ហើយក៏ល្មើសនឹងសច្ចធម៌អន្តរជាតិផង ជាងនេះទៅទៀត ជាទង្វើមិនអើពើនឹងអាយុជីវិតរបស់មនុស្សជាតិផងដែរ៕