(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះ បានស្នើឱ្យមានការពង្រីកបន្ថែមនូវភាពអាសន្នប្រឆាំងនឹងជំងឺ COVID-19 ទៅកាន់ខេត្តចំនួន០៣ នៅជិតទីក្រុងតូក្យូ (Tokyo) និងខេត្តអូសាកា (Osaka) ភាគខាងលិច ហើយមានរយៈពេលដល់ថ្ងៃទី៣១ ខែសីហា ខណៈករណីឆ្លងជំងឺ COVID-19 កំពុងកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូសិ នីស៉ីមូរ៉ា (Yasutoshi Nishimura) ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងឆ្លើយតបការរាតត្បាត COVID-19 របស់ប្រទេសជប៉ុន បានគូសបញ្ជាក់ថា ភាពអាសន្ន COVID-19 ដែលកំពុងអនុវត្តស្រាប់នៅក្នុងទីក្រុងតូក្យូ និងខេត្តអូគីណាវ៉ា (Okinawa) ភាគខាងត្បូង គួរតែត្រូវបានពន្យារឲ្យដល់ថ្ងៃទី៣១ ខែសីហា។
ក្រុមអ្នកជំនាញពាក់ព័ន្ធត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសំណើខាងលើ ហើយនាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) នឹងប្រកាសវាជាផ្លូវការនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៨៦៥ករណី ខណៈករណីឆ្លងប្រចាំថ្ងៃនៅទូទាំងប្រទេស គឺលើស១០,០០០នាក់ ជាលើកដំបូង។ សរុបមកវិញ ករណីឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនដល់៨៩២,២៩៣នាក់ ក្នុងនោះមានអ្នកស្លាប់ ១៥,១៦០នាក់ និងអ្នកជាសះស្បើយ ៨២៧,៣៧២នាក់៕