(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រាល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកទាំងអស់ ត្រូវបាន ទាមទារឱ្យមានការបញ្ជាក់ថា ពួកគេបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ ឬត្រូវគោរពតាមវិធានការការពារដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នកដែលនៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដើម្បីទៅទទួលការចាក់ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថា មួយ នៅឯសេតវិមានថា អ្នកដែលមិនបានចាក់វ៉ាក់សាំងដែលបានស្លាប់ដោយសារជំងឺ COVID-19 គឺជា «សោកនាដកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក»។
មុនពេលលោក បៃដិន ធ្វើសេចក្ដីប្រកាសនេះ សេតវិមានបានចេញនូវព័ត៌មានលម្អិតមួយចំនួនអំពីវិធានការការពារដ៏តឹងរ៉ឹង ដោយលើកឡើងថា «រាល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវសួរបញ្ជាក់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ»។ បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំង នឹងត្រូវពាក់ម៉ាស់នៅតាមកន្លែងធ្វើការ មិនថានៅតាមទីតាំងភូមិសាស្រ្តរបស់ខ្លួនទេ ហើយត្រូវរក្សាគម្លាតពីបុគ្គលិក និងអ្នកទស្សនាដទៃទៀត ក៏ដូចជាត្រូវគោរពតាមតម្រូវការធ្វើតេស្តប្រចាំសប្តាហ៍ ឬពីរដងក្នុងមួយសប្តាហ៍ ហើយត្រូវដាក់កំហិតលើការធ្វើដំណើរជាផ្លូវការ»។
គួរបញ្ជាក់ថា ផ្នែកប្រតិបត្តិនៃរដ្ឋាភិបាលសហព័ន្ធ នាពេលឥឡូវនេះ មានបុគ្គលិកជាង ៤លាននាក់ រួមទាំងកងកម្លាំងពលកម្មស៊ីវិលសហព័ន្ធជាង ២លាននាក់ទៀតផងដែរ៕