(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ តំបន់ និងដែនដីអាមេរិកទាំងអស់ ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ ដល់ពលរដ្ឋអាមេរិកគ្រប់ៗរូបដែលទើបបានចាក់វ៉ាក់សាំងថ្មីៗ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង ខណៈកំពុងបារម្ភពីការឆ្លងរាលដាលនៃវីរុសបម្លែថ្មី Delta។ នេះបើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្តខាងលើ នឹងត្រូវបានប្រើប្រាស់ចេញពីកញ្ចប់ថវិកាជំនួយ ៣៥០ពាន់លានដុល្លារ ដែលផ្ដល់ឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ, តំបន់ និងដែនដីអាមេរិក ក្រោមច្បាប់ផែនការសង្រ្គោះប្រជាជនអាមេរិក។ ក្រសួងបន្ថែមថាខ្លួននឹងផ្ដល់ ការគំាទ្រផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់មូលនិធិទាំងនេះដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អភិបាលក្រុងញូយ៉ក លោក Bill de Blasio ក៏បានប្រកាសផងដែរថាពលរដ្ឋអាមេរិកគ្រប់ៗរូបដែលបានទៅទទួល ការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ៕