(ប៊ែរឡាំង)៖ ចាប់ពី COVID-19 ផ្ទុះឡើងមក វីរុស SARS-CoV-2 ដែលបង្កជំងឺមួយនេះបានបម្លែងខ្លួនជាច្រើនដង ដោយបង្កើតជាវីរុសបម្លែងថ្មីមួយចំនួនអាចចម្លងជំងឺយ៉ាងឆាប់រហ័ស និងមានភាពកាចសាហាវជាងវីរុសដើមរបស់វាទៅទៀត។ អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបម្លែងថ្មីចំនួន៤ ជាប្រភេទ «វីរុសបម្លែងថ្មីដែលត្រូវបារម្ភ» ក្នុងនោះរួមមានវីរុសបម្លែងថ្មី Alpha, Beta, Gamma និង Delta។
ចំណែកឯ វីរុសបម្លែងថ្មី ៤ផ្សេងទៀតដូចជា វីរុសបម្លែងថ្មី Eta, Iota, Kappa និង Lambda ត្រូវបាន WHO ចាត់បញ្ចូលជាប្រភេទ «វីរុសបម្លែងថ្មីដែលត្រូវចាប់អារម្មណ៍» ហើយខណៈពិភពលោកកំពុងបារម្ភពីវីរុសបម្លែងថ្មី Delta នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ វីរុសបម្លែងថ្មី Lambda ដែលត្រូវបានរកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ បានទាញចំណាប់អារម្មណ៍ពីក្រុមអ្នកជំនាញសុខាភិបាលជាច្រើន។
បច្ចុប្បន្ន វីរុសបម្លែងថ្មី Lambda កំពុងរ៉ាប់រងករណីឆ្លង COVID-19 ថ្មីនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាមេរិកខាងត្បួងដូចជា អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី និងអេក្វាដ័រជាដើម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ខ្លះៗ ដែលត្រូវបានបកស្រាយដោយក្រុមអ្នកជំនាញ៖
*តើ Lambda ត្រូវគេឃើញដំបូងកាលពីពេលណា និងនៅទីណា?
វីរុសកូវីដ-១៩ បម្លែងថ្មី Lambda ឬ C.37 ត្រូវបានគេរកឃើញដំបូងគេនៅក្នុងប្រទេសប៉េរូ កាលពីខែសីហា ឆ្នាំ២០២០។ ពិតមែនទៅ ប្រភពដើមពិតប្រាកដនៃវីរុសបម្លែងថ្មី នេះមិនទាន់មានការកំណត់ឱ្យច្បាស់ទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនអះអាងថា Lambda ផ្ទុះឡើងដំបូងនៅក្នុងតំបន់អាមេរិកឡាទីន។ បើតាមអាជ្ញាធរ សុខាភិបាលប៉េរូ កាលពីជាង៣ខែមុន វីរុស Lambda បានរ៉ាប់រង ៨០ភាគរយនៃករណីឆ្លង COVID-19 ថ្មី នៅក្នុងប្រទេស។
លោក ប៉ាប្លូ ហ្សូកាយ៉ាម៉ា (Pablo Tsukayama) ជាអ្នកជំនាញផ្នែកម៉ូលេគុលមីក្រូសារពាង្គកាយមកពីសាកលវិទ្យាល័យ Cayetano Heredia ក្នុងទីក្រុងលីម៉ា បាននិយាយថានៅពេលរកឃើញវីរុស Lambda ដំបូង គ្មាននរណាម្នាក់ចាប់អារម្មណ៍ខ្លាំងនោះទេ។ លោក Tsukayama បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលពួកយើង រកឃើញវាដំបូង វាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ...ប៉ុន្តែនៅពេលយើងបន្តត្រួតពិនិត្យលើសំណាក ដោយគិតត្រឹមខែមីនាកន្លងទៅ វារ៉ាប់រងករណីឆ្លង COVID-19 ថ្មីៗ ៥០ភាគរយ ក្នុងទីក្រុងលីម៉ា ហើយគិតត្រឹមខែមេសា វីរុសបម្លែងថ្មីនេះរ៉ាប់រងករណីឆ្លងថ្មីៗដល់ទៅ៨០ភាគរយនៅទូទាំងប្រទេសប៉េរូ»។
លោក Tsukayama បន្ថែមទៀតថាជាធម្មតា ករណីឆ្លងហក់ឡើងពី១ ដល់ ៥០ភាគរយ មានន័យថាវីរុសនោះអាចចម្លងជំងឺយ៉ាងឆាប់រហ័ស។ ដំបូងឡើយគេមិនសូវ ចាប់អារម្មណ៍លើ Lambda ដោយសារតែវីរុសបម្លែងថ្មីនេះសម្បូរនៅតាមកន្លែងជាច្រើនដែលមានអត្រាឆ្លងខ្ពស់ទៅហើយ។ បើតាមលោក Tsukayama កាលពីខែឧសភា កន្លងទៅនេះ ប្រទេសស៊ីលី និងប៉េរូប បានស្នើឱ្យអង្គការ WHO ពិចារណា និងចាត់បញ្ចូល Lambda ទៅក្នុងបញ្ជីឈ្មោះវីរុសបម្លែងថ្មីដែលត្រូវចាប់អារម្មណ៍ ហើយរហូតដល់ពាក់កណ្ដាលខែមិថុនា WHO បានទទួលស្គាល់ និងប្រកាសចាត់បញ្ចូល Lambda ទៅក្នុងបញ្ជី «វីរុសបម្លែងថ្មីដែលត្រូវចាប់អារម្មណ៍»។
*តើ Lambda ឆ្លងរាលដាលទៅដល់ទីណាខ្លះ?
បើតាមទិន្នន័យបានមកពីអង្គការគំនិតផ្ដួចផ្ដើមស្ដីពីការចែករំលែករាល់ទិន្នន័យជំងឺផ្ដាសាយ Influenza ឬហៅកាត់ថា (GISAID) វីរុសបម្លែងថ្មី Lambda បានឆ្លងរាលដាល ទៅដល់ ២៩ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីនដូចជា ស៊ីលី, អាហ្សង់ទីន,ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ, ម៉ិកស៊ីកូ រួមទាំង អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង, ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។
*តើ Lambda ចម្លងជំងឺលឿនរហ័ស និងមានភាពកាចសាហាវដែរទេ?
«មកទល់នឹងពេលនេះ យើងមិនទាន់អាចកំណត់បានថាតើវីរុសបម្លែងថ្មី Lambda មានភាពកាចសាហាវដល់កម្រិតណាទេ។ វាអាចទៅរួចថាវាអាចចម្លងជំងឺយ៉ាងលឿន រហ័ស ប៉ុន្តែយើងមិនទាន់មានទិន្នន័យគ្រប់គ្រាន់អាចប្រៀបធៀបវា ទៅនឹងវីរុសបម្លែងថ្មីដូចជា Gamma ឬក៏ Delta នោះឡើយ។ នេះបើតាមអ្នកជំនាញផ្នែកវីរុសសាស្ត្រ មកពីអង្គការ WHO លោក ហ៊ែរូ មិនដែស- រីកូ (Jairo Mendez-Rico)។
លោក Mendez-Rico រួមទាំងអ្នកវិទ្យាសាស្ត្រ ជឿជាក់ថាការឆ្លងរាលដាល COVID-19 នឹងត្រូវបិទបញ្ចប់ ដរាបណា ៨០ភាគរយនៃប្រជាជនពិភពលោកទទួលបានការចាក់ វ៉ាក់សាំង ហើយវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO ជាទូទៅសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី ដូច្នេះគ្មានហេតុផលណាមួយត្រូវបារម្ភ ឬសង្ស័យថា វ៉ាក់សាំងមិនអាចប្រឆាំងជាមួយ Lambda បាននោះទេ។
*តើវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹង Lambda ឬទេ?
លោក រីកាដូ សូតូ-រីយ៉ូ (Ricardo Soto-Rifo) ជាអ្នកជំនាញវីរុសសាស្ត្រមកពីវិទ្យាស្ថានវិទ្យាសាស្ត្រជីវៈវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យស៊ីលី (University of Chile’s Institute of Biomedical Sciences) ដោយផ្អែកលើទិន្នន័យបឋមលើការសិក្សាពីវ៉ាក់សាំងចិន Sinovac បាននិយាយថាវីរុសបម្លែងថ្មី Lambda អាចប្រឆាំងនឹងអង់ទីករ ដែលបង្កើតឡើងដោយវ៉ាក់សាំង ប៉ុន្តែវាមិនមែនមានន័យថាវ៉ាក់សាំងមិនដំណើរការ ឬគ្មានប្រសិទ្ធភាពនោះឡើយ។
លោក Ricardo បានគូសបញ្ជាក់ដូច្នេះថា៖ «លទ្ធផលគឺវាដូចការរំពឹងទុក...វីរុសបានផ្លាស់ប្ដូរ ហើយវាអាចធ្វើឱ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាពបើធៀបទៅនឹងប្រសិទ្ធភាព ប្រឆាំងនឹងវីរុសដើមរបស់វា ប៉ុន្តែនេះមិនមានន័យថាវ៉ាក់សាំងមិនដំណើរការ ឬគ្មានប្រសិទ្ធភាពនោះទេ ហើយជាការពិតណាស់ វ៉ាក់សាំង Sinovac នៅតែមានប្រសិទ្ធភាព ល្អប្រឆាំងនឹងវីរុស»។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញបានព្រមានថាតំបន់អាមេរិកឡាទីនដែលមានអ្នកស្លាប់ដោយសារ COVID-19 ជាង ១.៤លាននាក់ហើយនោះ អាចនឹងក្លាយជាចំណុចកណ្ដាល ថ្មីនៃករណីឆ្លងវីរុសបម្លែងថ្មី។ តែព្រមពេលជាមួយគ្នា ពួកគេក៏បានណែនាំផងដែរការចាក់វ៉ាក់សាំងនៅតែជាមធ្យោបាយដ៏ល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ៕
ប្រភព៖ DW (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១)