(ប៉ារីស)៖ រដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក ក្លេម៉ង់ បូន (Clement Beaune) បាននិយាយថាការសម្រេចចិត្តរបស់អង់គ្លេសក្នុងការបន្តអនុវត្តវិធានការ ចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីបារាំង តែមិនអនុវត្តលើអ្នកមកពីបណ្ដាប្រទេសអឺរ៉ុបដទៃគឺជាទង្វើរើសអើង និងមិនឈរមូលដ្ឋានវិទ្យាសាស្ត្រ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
លោក ក្លេម៉ង់ បូន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ LCI TV នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «វាជារឿងហួសហេតុ មិនត្រឹមត្រូវតាមបទដ្ឋានសុខាភិបាល...ហើយមិនឈរលើគោលការណ៍វិទ្យាសាស្ត្រទាល់តែសោះ ផ្ទុយទៅវិញវាជាទង្វើរើសអើង»។ តែទោះជាយ៉ាងយ៉ាងក៏ដោយ លោក ក្លេម៉ង់ អះអាងថាបារាំងមិនមានផែនការចាត់វិធានការសងសឹកអ្វីនោះទេ ហើយរំពឹងថាអង់គ្លេសនឹងពិនិត្យឡើងវិញលើ ការសម្រេចចិត្តនេះក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា ប្រតិបត្តិកម្មរបស់លោករដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប កើតមានឡើងបន្ទាប់ពីអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថានឹងអនុញ្ញាតឱ្យអ្នកដំណើរ ឬភ្ញៀវទេសចរបានចាក់វ៉ាក់សាំងពេញលេញ មកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ចូលក្នុងប្រទេសរបស់ខ្លួនដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែ បារាំងដែលកំពុងស្ថិតនៅក្រោមនីតិវិធីត្រួតពិនិត្យនៅឡើយ។
ខាងអង់គ្លេសបញ្ជាក់ថាការសម្រេចចិត្តបែបនេះដោយសារបារម្ភការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Beta នៅក្នុងប្រទេសបារាំង ប៉ុន្តែក្រុមមន្ត្រីបារាំងថាករណីឆ្លងភាគច្រើន ជាករណីនាំចូលមកពីតំបន់ដែនដីបារាំងនៅឯនាយសមុទ្រ ឡា រ៉េអ៊ុយញ៉ុង (La Reunion) នៅមហាសមុទ្រឥណ្ឌាតែប៉ុណ្ណោះ៕