(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យដល់អ្នកទោសជាង ៦០០នាក់ នៅក្នុងពន្ធនាគារសំខាន់មួយ ដើម្បីទប់ទល់ការផ្ទុះករណីឆ្លងជំងឺ ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស ក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
គ្រាន់តែថ្ងៃពុធម្សិលមិញនេះប៉ុណ្ណោះ ករណីឆ្លង COVID-19 ទូទាំងប្រទេសសរុបជិត ៥,០០០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ៣៥៦នាក់បាត់បង់ជីវិត។ យ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកសុខាភិបាល និងក្រុមការងារបូជាសពបានអះអាងថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺមានច្រើនជាង តួលេខដែលត្រូវបានប្រកាសជាផ្លូវការនេះទៅទៀត។
បើតាមអាជ្ញាធរមីយ៉ាន់ម៉ា ក្រៅពីការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនទូទៅ និងអ្នកទោសនៅតាមពន្ធនាគារ ពួកគេក៏កំពុងរៀបចំកសាង ទីកន្លែងបូជាសពតាមស្តង់ដាចំនួន ១០ ទីតាំងបន្ថែមទៀតផងដែរ នៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលនឹងអាចមានលទ្ធផលបូជាសពបានជាង ៣,០០០សព ក្នុងមួយថ្ងៃ។
គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុប ២៨៤,០៩៩ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨,២១០នាក់ និងជាសះស្បើយវិញ ១៩៧,៩៩៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ មីយ៉ាន់ម៉ាទើបសម្រេចបាន ៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ១.៥៣លាននាក់ (២.៨% នៃចំនួនប្រជាជនសរុប) បានចាក់គ្រប់ដូស៕