(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានធ្វើអត្ថាធិប្បាយថ្មីៗស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសលោក ដោយលោកបានទទួលស្គាល់ពីការលំបាក នៃវិធានការបិទខ្ទប់យ៉ាងតឹងរឹង និងមានរយៈពេលយូររបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងវីដេអូដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង លោក Kim បាននិយាយថា «ការលំបាកនិងការរងទុក្ខវេទនា ដែលបង្កឡើងដោយវិបត្តិសុខភាពពិភពលោកនេះ ចំពោះប្រទេសយើង គឺមិនចាញ់សម័យសង្រ្គាមនោះឡើយ» ប៉ុន្តែលោកជឿជាក់ថា កូរ៉េខាងជើងជំនាន់នេះ នឹងអាចយកឈ្នះ COVID-19 ដូចដែលអ្នកជំនាន់មុន បានឆ្លងផុតសម័យសង្រ្គាមដូច្នោះដែរ។ លោក Kim បានថ្លែងសុន្ទរកថា ក្នុងសន្និសិទអតីតយុទ្ធជនមួយ នាឱកាសខួបលើកទី៦៨ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ។
គួររំលឹកថា កាលពីខែមិថុនា កន្លងទៅនេះ លោក Kim បានស្តីបន្ទោសដោយចំហ ចំពោះមន្រ្តីជាន់ខ្ពស់នៅក្នុងបក្សជាច្រើនរូប ជាដោយសារតែបរាជ័យ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយលោក Kim បាននិយាយថា កំហុសឆ្គងនោះបានធ្វើឱ្យប្រទេសកូរ៉េខាងជើង ស្ថិតក្នុងហានិភ័យ។ មកទល់ពេលនេះ កូរ៉េខាងជើង នៅតែអះអាងថា ខ្លួនមិនមានករណីឆ្លង COVID-19 ឡើយ សូម្បីតែម្នាក់៕