(ប៉េកាំង)៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី ២ ស្តីពី «ឆ្ពោះទៅកាន់ដំណាក់កាលថ្មី នៃការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា» បានបើកធ្វើនៅថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងប៉េកាំង។ លោក Huang Kunming សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចូលរួមពិធីសម្ពោធតាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថាគន្លឹះ។
លោក Huang Kunming បានបញ្ជាក់ថា ឆ្នាំ២០២១នេះ ជាខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន និងខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរគ្នាទៅវិញទៅមក ដោយបានវាយតម្លៃខ្ពស់ និងកោតសរសើរពីសមិទ្ធផលដ៏អស្ចារ្យដែលបក្សទាំងពីរ និងប្រទេសទាំងពីរទទួលបាន បានរួមគ្នារំពឹងទុកអនាគតដ៏ល្អបវរ ដែលចាប់ដៃឈានទៅមុខជាមួយគ្នា ដែលបានបង្ហាញច្បាស់នូវទិសដៅ នៃការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មី នឹងជំរុញយ៉ាងខ្លាំងឱ្យទំនាក់ទំនងបក្សទាំងពីរ និងប្រទេសទាំងពីរចិន និងកម្ពុជា ឱ្យអភិវឌ្ឍប្រកបដោយគុណភាពកាន់តែខ្ពស់ថែមទៀតជាក់ជាពុំខាន។
លោក Huang Kunming បានបន្ថែមទៀតថា ភាគីទាំងពីរចិន និងកម្ពុជាបានបង្កើតចំណងមិត្តភាពដែកថែប ដ៏រឹងម៉ាំបំបែកមិនបានបន្ទាប់ពីបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្ត្រ គឺជាសហគមន៍រួមវាសនាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ។ ឈរលើទីចាប់ផ្តើមថ្មី ភាគីចិននឹងអនុវត្តជាក់លាក់នូវមតិឯកភាពយុទ្ធសាស្ត្រ ដែលមេដឹកនាំប្រទេសទាំងពីរបានដើរដល់ បន្តដើរតាមមាគ៌ាមេត្រីភាព ដែលបង្កើតដោយមេដឹកនាំចិនជំនាន់មុនៗ ជំរុញឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជា វិវឌ្ឍទៅមុខឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ។
ចិនមានឆន្ទៈបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ បន្តចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម អនុវត្តពហុភាគីនិយម បន្តផ្សព្វផ្សាយមេត្រីភាពប្រពៃណីចិន-កម្ពុជា ដើម្បីឱ្យការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង។ សង្ឈឹមថា ធនាគារខួរក្បាលប្រទេសទាំងពីរ អាចបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ដើម្បីជំរុញការស្វែងយល់គ្នារវាងប្រជាជនប្រទេសទាំងពីរ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានចូលរួមពិធីសម្ពោធតាមអនឡាញនិងថ្លែងសុន្ទរកថា។ សូមបញ្ជាក់ថា វេទិការលើកនេះសហរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីតំណាងចិន និងកម្ពុជាចំនួនជាង ១៥០ រូប៕