(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 តែមួយមុខ នឹងមិនអាចបញ្ចប់វិធានការបិទខ្ទប់ នៅទីក្រុងស៊ីដនីបានទេ ខណៈប្រជាជននៅទីក្រុងមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតរបស់ប្រទេសនេះ កំពុងប្រឈមនឹងការបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
លោក Morrison បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា «ខ្ញុំចង់និយាយថា យើងពិតជាអាចជួយបាន… ហើយយើងគួរត្រូវបង្កើនការចាក់វ៉ាក់សាំង ដើម្បីជួយជំរុញដល់វិធានការបិទខ្ទប់របស់យើង ប៉ុន្តែមិនមែនមានន័យថា វ៉ាក់សាំងនឹងបញ្ចប់វិធានការបិទខ្ទប់នេះទេ»។
បើតាមលោក Morrison បានបង្ហាញសង្ឃឹមថា វិធានការបិទខ្ទប់ដ៏តឹងរឹង ដែលត្រូវបានដាក់ឲ្យបន្តអនុវត្ត នៅក្នុងតំបន់កំពុងរងផលប៉ះពាល់ខ្លាំងបំផុត នៃទីក្រុងស៊ីដនី អាចជួយទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta នេះបាន ខណៈការចាក់វ៉ាក់សាំង គឺជារឿងចាំបាច់មួយទៀត ដើម្បីសម្រេចគោលដៅនៃការទប់ទល់វីរុសនេះ។
គួរបញ្ជាក់ថា តាមរយៈការបន្តអនុវត្តវិធានការបិទខ្ទប់នេះ ប្រជាជនក្នុងទីក្រុងស៊ីដនីនឹងត្រូវស្ថិតនៅក្នុងផ្ទះ រហូតដល់ថ្ងៃទី២៨ ខែសីហា ដោយពួកគេអាចចេញក្រៅបានលុះត្រាតែក្នុងករណីចាំបាច់ ដែលអនុញ្ញាតដោយអាជ្ញាធរប៉ុណ្ណោះ។ បើតាមគេហទំព័រ worldometer អូស្រ្តាលីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៣៣,៧២៦នាក់ ក្នុងនោះមានអ្នកស្លាប់ ៩២៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៩,៩២៦នាក់៕