(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៤០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៦៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៧៩៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕