(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩នាក់ទៀតត្រូវបានរកឃើញ ក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលវាជាការធ្លាក់ចុះវិញបើធៀបនឹងតួលេខ ៨៦នាក់ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន China Daily។
នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ២៤នាក់ ជាករណីឆ្លងសហគមន៍ និង ២៥នាក់ករណីនាំចូល។ ការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំលើកទីពីរ ក៏កំពុងប្រព្រឹត្តទៅនៅឡើយដែរក្នុងទីក្រុង ណានជីង (Nanjing) នៃខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន ជាទីដែលវីរុសបម្លែង Delta (វីរុសមានប្រភពដើមពីឥណ្ឌា) ត្រូវបានរកឃើញជាលើកដំបូង។
គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ខាងលើ ភាគច្រើនបំផុតត្រូវបានរាយការណ៍ចេញពីទីក្រុង Nanjing និងខេត្ត Jiangsu ខណៈ ០៣ករណីរកឃើញនៅស៊ីឈាន់ (Sichuan) និងមួយករណីនៅរដ្ឋធានីប៉េកាំង។ អាជ្ញាធរចិនក៏បានចេញបញ្ជាឲ្យបិទ ព្រលានយន្តហោះអន្តរជាតិ លូកូវ (Lukou) នៃទីក្រុង Nanjing ជាបណ្តោះអាសន្នផងដែរ ដោយសារតែការសង្ស័យត្រូវដាក់ ទៅលើបុគ្គលិកផ្នែកសម្អាតយន្តហោះ ដែលជាជើងហោះហើរអន្តរជាតិ។
ចាប់តាំងពីការទទួលជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ទ្រង់ទ្រាយធំនៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ ប្រទេសចិននៅតែអាចគ្រប់គ្រង ករណីផ្ទុះជាចង្កោមៗបានសម្រេចជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ចិនមានករណីឆ្លង COVID-19 សរុប ៩២,៨១១ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៧,២៨៨នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ចិនសម្រេចបាន ១.៥៨ពាន់លានដូស៕