(ម៉ានីល)៖ នៅក្នុងសុន្ទរកថាមានរយៈពេល ២ម៉ោង និង៤៥នាទី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ បានទទួលស្គាល់ថាក្ដីស្រមៃ និងចក្ខុវិស័យរបស់លោកដែលចង់ឱ្យប្រជាជនហ្វីលីពីនមានជីវភាពកាន់តែប្រសើរឡើងបានធ្លាក់ចូលទៅក្នុងស្ថានភាពស្រពិចស្រពិល ដោយចង់សំដៅទៅលើវិបត្តិ COVID-19 និងវិធានការបិទខ្ទប់ (Lockdown) ដែលកំពុងធ្វើឱ្យផែនការជាច្រើនរបស់លោកត្រូវជាប់គាំង។
វិបត្តិ COVID-19 បានបណ្ដាលឱ្យផលិតផលនៅក្នុងស្រុកសរុប ឬ GDP ឆ្នាំ២០២០ របស់ហ្វីលីពីនធ្លាក់ចុះអស់ ៩.៥ភាគរយ ដែលនេះជាការធ្លាក់ចុះទាបបំផុត
ចាប់តាំងពីឆ្នាំ១៩៤៧ និងវិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីឆ្នាំ១៩៩៨មក។ លើសពីនេះទៅទៀត ខណៈការអនុវត្តវិធានការបិទខ្ទប់នៅតែបន្ត ៤៩ភាគរយនៃប្រជាជន ហ្វីលីពីនសរុប ១១០លាននាក់ បាននិយាយថាពួកគេកំពុងប្រឈមមុខនឹងភាពក្រីក្រ ហើយ ៤.៨លានគ្រួសារ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ នេះបើតាម ទីភ្នាក់ងារ Social Weather Station (SWS)។
អត្រានៃភាពក្រីក្រក្នុងប្រទេសហ្វីលីពីនបានថយចុះបន្តិចម្ដងៗ អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ COVID-19 ផ្ទុះឡើង។ ធានាគារអភិវឌ្ឍអាស៊ីបានវាយតម្លៃថា អត្រានៃភាពក្រីក្រនេះប្រហែលជានៅត្រឹម ២០ភាគរយ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ កាលពីខែមេសាកន្លងទៅ អាជ្ញាធរជាតិស្ថិតិហ្វីលីពីនបានរាយការណ៍ថា អត្រាគ្មានការងារធ្វើបានកើនឡើង ៨.៧ភាគរយ ឬស្មើប្រជាជនហ្វីលីពីនជិត ៤.១៤លាននាក់ដែលគ្មានការងារធ្វើ។
វិធានការបិទខ្ទប់ ឬ Lockdown រួមទាំងវិធានការរឹតត្បិតជាច្រើនទៀត នៅមិនទាន់អាចធ្វើឱ្យចំនួនករណីឆ្លង COVID-19 ថយចុះនោះទេ។ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ច្រើនជាង ១.៥លាននាក់ និងយ៉ាងហោច ២៧,០០០នាក់ បានស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ ហើយបច្ចុប្បន្នវីរុសបម្លែងថ្មី Delta ត្រូវបានគេ ជឿជាក់ថាជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងដ៏គ្រោះថ្នាក់ដែលលោក ឌូតើតេព្រមានថាអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិបាកនឹង ជួសជុលឡើងវិញ។ បញ្ហាទាំងនេះបូករួមទាំងយុទ្ធសាស្ត្រដោះស្រាយជម្លោះដែនទឹកជាមួយចិននៅឯសមុទ្រចិនខាងត្បូង និងរឿងក្ដីក្ដាំនៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ ICC ជុំវិញសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែជាបញ្ហាដែលគេយល់ថានឹងវាយបំបាក់ប្រជាប្រិយភាពរបស់លោក ឌូតើតេ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនហ្វីលីពីនភាគច្រើននៅតែបន្តគាំទ្រ និងផ្ដល់ការទុកចិត្តលើបុរសខ្លាំងរូបនេះដដែល។
*តើការស្ទង់មតិមានបញ្ហា ឬ?
ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីន លោក ឌូតើតេ ដែលអាចកាន់តំណែងជាប្រធានាធិបតីត្រឹមតែមួយអាណត្តិ ក្រោមការកំណត់របស់រដ្ឋធម្មនុញ្ញ
បានប្រកាសថាសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោកមិនទាន់បញ្ចប់នោះទេ ហើយថែមទាំងបានសន្យាទៀតផងថាលោកនឹងតាមបំផ្លាញអ្នកដែលបំផ្លាញ ហ្វីលីពីន។
វោហាស័ព្ទគិតពីប្រយោជន៍ប្រជាជនហ្វីលីពីនបែបនេះឯងត្រូវបានគេជឿជាក់ជាមូលហេតុមួយដែលធ្វើឱ្យលោក ឌូតើតេ នៅតែទទួលបានការគាំទ្រ និងទំនុកចិត្ត
ខ្ពស់ពីប្រជាជន។ ជាក់ស្ដែង នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia នៅក្នុងខែកក្កដានេះ បានបង្ហាញថាលោកឌូតើតេនៅតែឈរលើកំពូលតារាង ខណៈ ការស្ទង់មតិរបស់ក្រុមហ៊ុន Publicus Asia ក្នុងខែកក្កដាដដែលដូចគ្នា បានផ្ដល់អត្រាគាំទ្រដល់លោក ឌូតើតេ ដល់ទៅ៥៨ភាគរយ និងអត្រាជឿទុកចិត្ត ៥៥ភាគរយ។
ក្រុមអ្នកជំនាញខ្លះយល់ថាការស្ទង់មតិបែបនេះគឺមិនត្រឹមត្រូវឡើយ ផ្អែកលើស្ថានការណ៍ជាក់ស្ដែងនៅក្នុងប្រទេសហ្វីលីពីនសព្វថ្ងៃ។ ប៉ុន្តែ ខាងក្រុមហ៊ុនជំនាញ ក្នុងការដឹកនាំស្ទង់មតិទាំង២ ខាងលើធ្លាប់បានអះអាងថាការស្ទង់មតិរបស់ខ្លួនធ្វើឡើងតាមបទដ្ឋានស្ដង់ដារ និងគួរឱ្យទុកចិត្តបាន។ ចំណែកឯ ជំនាញមួយចំនួន ដូចជា លោកស្រី Maria Ela Atienza ជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of the Philippines (UP) យល់ថាមូលហេតុ
ដែលចូលរួមចំណែកធ្វើឱ្យលោក ឌូតើតេនៅតែមានប្រជាប្រិយភាពខ្លាំង នោះគឺដោយសារការបែកបាក់ និងភាពទន់ខ្សោយរបស់គណបក្សប្រឆាំងខ្លួន ឯង។
លោកស្រី Atienza បានគូសបញ្ជាក់ដូច្នេះថា៖ « ក្រុមគណបក្សប្រឆាំងនៅតែមានភាពទន់ខ្សោយ និងមិនមានសាមគ្គីភាព បើទោះជាយើងបានឃើញថាមានបញ្ហា ជាច្រើនដែលរដ្ឋាភិបាលដោះស្រាយមិនបានល្អ និងសេដ្ឋកិច្ចដើរថយក្រោយក៏ដោយ»។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក Carlos Conde ក៏យល់ឃើញដូចគ្នាទៅនឹង លោកស្រី Atienza ដែរ។ «លោក ឌូតើតេនៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីនមានជីវភាពក្រីក្រ និងមធ្យម...ហើយហេតុផលមួយ នៅពីក្រោយអត្រាគាំទ្រនេះ នោះគឺដោយសារតែគណបក្សប្រឆាំងមិនមានយុទ្ធសាស្ត្រ ឬជម្រើស ព្រមទាំងគោលនយោបាយផ្សេងដែលល្អប្រសើរជាងលោក ឌូតើតេ»។ នេះបើតាមលោក Carlos Conde។
គួរបញ្ជាក់ថា បើតាមលោក Carlos អ្នកគាំទ្រលោក ឌូតើតេភាគច្រើនគិតថាប្រធានាធិបតីហ្វីលីពីនរូបនេះមិនគួរត្រូវបានបន្ទោសដោយសារ COVID-19ឡើយ ព្រោះ វាជាបាតុភូតសកលលោកមួយ។ ម្យ៉ាងវិញទៀត ក្រុមអ្នកគាំទ្រទាំងនេះក៏តែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីលើកមុខមាត់លោក ឌូតើតេ និងវាយប្រហារលើអ្នករិះគន់ផងដែរ៕
ប្រភព៖ Diplomat, Al Jazeera (ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១)