(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃពុធនេះបានជួបជាមួយលោក មូលឡាហ៍ អាប់ឌុល ហ្គានី បារាដារ (Mullah Abdul Ghani Baradar) ដែលជាប្រធានផ្នែកនយោបាយ នៃក្រុមតាលីបង់ (Taliban) នៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
លោក Wang Yi បានថ្លែងក្នុងឱកាសនោះថា ក្រុមតាលីបង់ដែលជាកងកម្លាំងយោធា និងនយោបាយដ៏សំខាន់មួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ លោក Wang Yi បានអំពាវនាវឱ្យក្រុមតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន ដាក់ផលប្រយោជន៍ជាតិរបស់ខ្លួនជាអាទិភាព និងទទួលយកកិច្ចពិភាក្សាដើម្បីស្វែងរកសន្តិភាព ក៏ដូចជាបង្កើតគោលដៅសន្តិភាព បង្កើតរូបភាពវិជ្ជមាន និងប្រកាន់ខ្ជាប់នូវគោលនយោបាយរួមមួយផងដែរ។
លោក Wang Yi បានគូសបញ្ជាក់បន្ថែមថា ការដកកងកម្លាំងរបស់សហរដ្ឋអាមេរិក និងកងកម្លាំងរបស់អង្គការណាតូ (NATO) ចេញភ្លាមៗពីប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញពីការបរាជ័យមួយរបស់សហរដ្ឋអាមេរិក លើគោលនយោបាយអាហ្វហ្គានីស្ថាន ហើយប្រជាជនអាហ្វហ្គានីស្ថាននាពេលឥឡូវនេះ កំពុងរ៉ាប់រងនូវតួនាទីសំខាន់ៗបំផុត ដោយត្រូវរក្សាឲ្យបាននូវស្ថេរភាព និងការអភិវឌ្ឍប្រទេសរបស់ពួកគេ។
លោក Wang Yi ក៏បានទទូចឲ្យក្រុមបះបោរ និងក្រុមជនជាតិភាគតិចទាំងអស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ងាកមករួបរួមគ្នាអនុវត្តគោលការណ៍ «ដឹកនាំដោយអាហ្វហ្គានីស្ថាន» ជាផ្លូវការ ដើម្បីលើកកម្ពស់ដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សានៅប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាដើម្បីទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ឆាប់ៗ តាមដែលអាចធ្វើទៅបាន និងបង្កើតរចនាសម្ព័ន្ធនយោបាយដោយឯករាជ្យមួយ ស្របតាមលក្ខខណ្ឌជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន៕