(ប៉េកាំង)៖ អ្នកជំនាញផ្នែកជំងឺឆ្លង លោក Anthony Fauci បានព្រមានថាសហរដ្ឋអាមេរិកកំពុងដើរនៅលើផ្លូវខុស ក្នុងការទប់ស្កាត់ការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 ដោយសារតែការឆ្លងរាលដាលវីនៃរុសបម្លែងថ្មី Delta និងចំនួនដ៏ច្រើននៃប្រជាជនអាមេរិកដែលមិនទាន់ចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
ការព្រមានខាងលើរបស់លោក Anthony Fauci ធ្វើឡើងកំលុងផ្ដល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ បើតាមលោក Fauci ការកើនឡើងករណីឆ្លងថ្មីៗ មានជាប់ពាក់ព័ន្ធនឹងវីរុសបម្លែងថ្មី Delta និងប្រជាជនអាមេរិកដែលមិនទាន់ចាក់វ៉ាក់សាំង។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «យើងកំពុងដើរនៅលើផ្លូវខុស...ជាការពិតណាស់ COVID-19 បានឆ្លងរាលដាលនៅក្នុងចំណោមអ្នកមិនបានចាក់វ៉ាក់សាំង ដូច្នេះចាំបាច់ណាស់អ្នកដែលមិនទាន់ ចាក់វ៉ាក់សាំង ត្រូវប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង»។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦១,៥៨១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៣៩នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ដោយឡែក គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៨.៧៣លាននាក់ (៥៧.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៣.១៧លាននាក់ (៤៩.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕