(សិង្ហបុរី)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm នឹងបង្ហាញវត្តមាននៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីស្ថាប័នថែទាំសុខភាពឯកជនមួយ បានទទួលការអនុញ្ញាតពីរដ្ឋ ឱ្យនាំចូលវ៉ាក់សាំងនេះតាមរយៈច្រកផ្លូវពិសេស ដែលទើបត្រូវបានបង្កើតឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ស្ថាប័នថែទាំសុខភាពសិង្ហបុរី (IHH) បានឲ្យដឹងថា «ខ្លួនបានទទួលការអនុម័តពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) ដើម្បីនាំចូលវ៉ាក់សាំង Sinopharm តាមរយៈច្រកផ្លូវពិសេសហើយ»។
លោកវេជ្ជបណ្ឌិត ណូអែល យ៉េអូ (Noel Yeo) ប្រធានផ្នែកប្រតិបត្តិការរបស់ស្ថាប័ន IHH បានគូសបញ្ជាក់ថា «ប្រជាជនសិង្ហបុរីនឹងទទួលបានជម្រើស វ៉ាក់សាំងមួយបន្ថែមទៀត»។ លោកវេជ្ជបណ្ឌិត Noel Yeo បានគូសបញ្ជាក់បន្ថែមថា «ព័ត៌មានលម្អិតកំពុងត្រូវបានរៀបចំឡើងនាពេលនេះ ហើយយើងនឹងធ្វើការប្រកាសជាផ្លូវការ នៅពេលដែលមានព័ត៌មានថ្មីៗបន្ថែមទៀត»។
គួរបញ្ជាក់ថា ច្រកផ្លូវពិសេស គឺអាចអនុញ្ញាតឱ្យស្ថាប័នថែទាំសុខភាពឯកជន នាំចូលនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយ HSA។ ប៉ុន្តែវ៉ាក់សាំងទាំងនោះ ត្រូវតែទទួលបានការអនុម័តឱ្យប្រើប្រាស់ ដោយអង្គការសុខភាពពិភពលោក (WHO)។ ជាក់ស្តែងវ៉ាក់សាំងចិន Sinopharm បានទទួលការអនុម័តឱ្យប្រើប្រាស់ ក្នុងករណីបន្ទាន់រួចហើយ កាលពីថ្ងៃទី០៧ ខែឧសភាកន្លងទៅនេះ ក្រោយក្រុមជំនាញនៃ WHO បានត្រួតពិនិត្យឃើញសុវត្ថិភាព និងប្រសិទ្ធភាព៕