(ប៉េកាំង)៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក គ្រោងនឹងអនុវត្តផែនការដំណាក់កាលទីពីរស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ព្រមទាំងមិនច្រានចោលលទ្ធភាពដែល"ត្រូវធ្លាយចេញពីបន្ទប់ពិសោធន៍" ស្នូរសំរែករបស់សហគមន៍អន្តរជាតិដែលទាមទារឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកបានលាន់ឭខ្ទរខ្ទាមិនដែលមានពីមួយថៃ្ងទៅមួយ ។
គិតត្រឹមម៉ោង ១៨ ល្ងាចថ្ងៃទី ២៧ ខែកក្កដាតាមម៉ោងក្រុងប៉េកាំង ការស៊ីញេឈ្មោះរួមរបស់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតរបស់ចិនដែលទាមទារឱ្យអង្គការសុខភាពពិភពលោកធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកបានលើសពី ១៤ លាននាក់ ។ នាពេលថ្មីៗកន្លងទៅនេះ លោក Sergei Latyshev អ្នកសារព័ត៌មាននិងជាប្រវតិ្តវិទូនៃរុស្ស៊ីបានចេញផ្សាយអត្ថបទវិភាគមួយដែលមានចំណងជើងថា 《តើបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកដ៏សម្ងាត់ជាប្រភពដើមពិតប្រាកដនៃវីរុសកូវីដ ១៩ មែនទេ ?》ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោនប៉ុនប៉ង់ទម្លាក់កំហុសស្តីពី"ប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ ១៩ "ទៅលើប្រទេសចិនជាប់រហូតមក យ៉ាងណាមិញ ទាក់ទិននឹងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ប្រទេសចិនគួរឱ្យជឿទុកចិត្តបានជាងអាមេរិក ។ លោក Herman Tiu Laurel អ្នកអត្ថាធិប្បាយអំពីបញ្ហានយោបាយដ៏ល្បីឈ្មោះនៃប្រទេសហ្វីលីពីនក៏បានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះដែលដើម្បីអំពាវនាវឱ្យអង្គការសុខភាពពិភពលោកធ្វើការស៊ើបអង្កេតឱ្យបានឆាប់ចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិក ។
បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ នៅប្រទេសចិនដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានបញ្ចប់រួចរាល់ហើយ ។ អង្គការសុខភាពពិភពលោកបានទទួលសេចក្តីសន្និដ្ឋានក្នុងរបាយការណ៍សិក្សាស្រាវជ្រាវចម្រុះដែលចេញផ្សាយនៅចុងខែមីនា ឆ្នាំនេះថា វីរុសកូវីដ ១៩ គ្មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិតាមរយៈបន្ទប់ពិសោធន៍របស់ប្រទេសចិននោះទេ ។ បំណាច់នឹងការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ នៅដំណាក់កាលក្រោយរបស់អង្គការសុខភាពពិភពលោកនៅតែមិនច្រានចោលលទ្ធភាពដែល"ត្រូវធ្លាយចេញពីបន្ទប់ពិសោធន៍"ដដែល នោះ បន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកដែលនាំឱ្យគេមានមន្ទិលសង្ស័យជាច្រើនគួរតែក្លាយជាគោលដៅស៊ើបអង្កេតដំបូងបង្អស់របស់អង្គការសុខភាពពិភពលោក ។ ប្រការនេះមិនត្រឹមតែជាតម្រូវការនៃការសិក្សាស្រាវជ្រាវផែ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជាការអំពាវនាវរបស់ប្រជាជននៅទូទាំងពិភពលោកផងដែរ ។
ប៉ុន្តែ ចាប់ពីខែឧសភា ឆ្នាំនេះមក រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានឃោសនាបំប៉ោងម្តងទៀតនូវបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ដែលប៉ុនប៉ងទម្លាក់កំហុសទៅលើប្រទេសចិន ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ អាមេរិករហូតដល់មិនស្តាយប្រព្រឹត្តិទង្វើដែលគួរឱ្យហួសហេតុខុសទំនងបំផុត ពោលគឺ បានបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ប្រគល់អ្វីដែលហៅថា របាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ក្នុងរយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រឌិតពាក្យចចាមអារ៉ាម ញាក់ខ្សែបញ្ជាពីក្រោយមតិសាធារណៈនិងគំរាមកំហែងដល់អង្គការសុខភាពពិភពលោកនៅលើផ្ទៃអន្តរជាតិ ។
យោងតាមរបាយការណ៍ស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធើណេតដែលចេញផ្សាយដោយធនាគារគំនិតនៃបណ្តាញទូរទស្សន៍អន្តរជាតិចិន CGTN កាលពីយប់ថ្ងៃទី ២៦ ខែកក្កដា ឱ្យបានដឹងថា អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោកដែលបានចូលរួមផ្តល់ប្រជាមតិចំនួន ៨០ ភាគរយបានសម្គាល់ឃើញថា បញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បានក្លាយជាបញ្ហានយោបាយ ។ ការពិភាក្សារបស់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតមួយចំនួនក្នុងពេលចូលរួមការផ្តល់ប្រជាមតិគួរឱ្យគិតពិចារណាយ៉ាងជ្រាលជ្រៅ ដូចជា "អង្គការសុខភាពពិភពលោកគួរតែខិតខំប្រឹងប្រែងដោះស្រាយសម្ពាធនយោបាយ ចំណែកការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ វិញ គឺជាយុទ្ធសាស្ត្រខាងនយោបាយរបស់អាមេរិកដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិន "អាមេរិកចង់យកបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ធ្វើជាលេសដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសចិនថែមមួយកម្រិតទៀត" ។ល។
មតិសាធារណៈមិនអាចរំលោភបាននោះទេ ។ ពីលោកខាងកើតដល់លោកខាងលិច អ្នកផងទាំងពួងសុទ្ធតែសម្គាល់ឃើញថា ប្រទេសដែលគួរតែទទួលការស៊ើបអង្កេតអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បំផុត គឺ អាមេរិកហ្នឹងឯង ។ អង្គការសុខភាពពិភពលោកគួរតែសម្របទៅតាមក្តីបំណងរបស់ប្រជាជន ធ្វើការស៊ើបអង្កេតឱ្យបានឆាប់ចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrickនិងបន្ទប់ពិសោធន៍ជីវសាស្ត្រនៅបរទេសចំនួនជាង ២០០ កន្លែងរបស់អាមេរិក ក៏ដូចជាធ្វើការស៊ើបអង្កេតឱ្យបានច្បាស់ចំពោះប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកដើម្បីផ្តល់ចម្លើយបែបវិទ្យាសាស្ត្រ និងផ្តល់ការពិតដល់ពិភពលោក៕ (#CCFR Comment#)