(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិបញ្ចកោណ និងក្រុមសមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសមត្ថភាព កងកម្លាំងនុយក្លេអ៊ែររបស់ចិន បន្ទាប់ពីមានរបាយការណ៍ថ្មីមួយអះអាងថា ទីក្រុងប៉េកាំងបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី ១១០ទីតាំងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
បើតាមរបាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកាំង (American Federation of Scientists ឬ AFS) នៅថ្ងៃចន្ទសប្ដាហ៍នេះ រូបភាពផ្កាយរណបជាច្រើនបានបង្ហាញថា ប្រទេសចិនបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី នៅក្បែរតំបន់ ហាមី (Hami) ស្ថិតនៅភាគខាងកើតតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang)។
របាយការណ៍ថ្មីនេះទៀតសោត ត្រូវបានចេញផ្សាយតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកអះអាងពីការសាងសង់ មូលដ្ឋានមីស៊ីលក្រោមដីរបស់ចិនជាង ១២០ទីតាំង នៅឯតំបន់ដីខ្សាច់ យូមិន (Yumen)។ យ៉ាងណាក៏ដោយ ចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះទេ។
ទោះជាបែបនេះក្តី បើតាមក្រុមអ្នកវិភាគជាច្រើន សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៣,៨០០គ្រាប់ ហើយក្នុងនោះមាន ១,៣៥៧គ្រាប់ ត្រូវបានដាក់ពង្រាយរួចជាស្រេច គិតត្រឹមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ៕