(ស៊ីដនី)៖ រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃពុធនេះបានសម្រេចចិត្តបន្តបិទខ្ទប់ទីក្រុងស៊ីដនី រយៈពេល ៤សប្ដាហ៍បន្ថែមទៀត ខណៈករណីឆ្លង COVID-19ប្រចាំថ្ងៃនៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលអូស្រ្តាលី ធ្វើឡើងបន្ទាប់ពីរដ្ឋ New South Wales ដែលមានទីក្រុង Sydney ជារដ្ឋធានីបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៧៧ករណីថ្មីកាលពីថ្ងៃអង្គារម្សិលមិញ។ នេះគឺជាតួលេខករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ចាប់តាំងពីការឆ្លងរាលដាល COVID-19 ផ្ទុះឡើងជាថ្មីតាំងពីខែមិថុនាមក ដោយសារតែវីរុសបម្លែងថ្មី Delta។
គួរបញ្ជាក់ថា តាមរយៈការបន្តអនុវត្តវិធានការបិទខ្ទប់នេះ ប្រជាជនក្នុងទីក្រុងស៊ីដនីនឹងត្រូវស្ថិតនៅក្នុងផ្ទះរហូតដល់ថ្ងៃទី២៨ ខែសីហា ដោយអាចចេញក្រៅបាន លុះត្រាតែក្នុងករណីចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរប៉ុណ្ណោះ។ បើតាមគេហទំព័រ worldometer អូស្រ្តាលីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៣៣,៤៧៤នាក់ ក្នុងនោះស្លាប់៩២១នាក់ និងជាសះស្បើយឡើងវិញ ២៩,៩១១នាក់៕