(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានថ្លែងថា សហរដ្ឋអាមេរិកមិនចង់មាន «ជម្លោះយោធា» ជាមួយចិននោះទេ ប៉ុន្តែនឹងមិនដកថយជាដាច់ខាត ប្រសិនបើផលប្រយោជន៍របស់អាមេរិក ស្ថិតនៅក្រោមការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
លោក Lloyd Austin បានធ្វើការកត់សម្គាល់ដូចខាងលើតាមរយៈសុន្ទរកថាមួយ នៅឯវេទិកានៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Austin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចង់មានជម្លោះយោធាជាមួយប្រទេសចិននោះទេ ដោយយើងចង់បានទំនាក់ទំនងមានស្ថិរភាព... ក៏ប៉ុន្តែយើងនឹងមិនដកថយជាដាច់ខាត ប្រសិនបើផលប្រយោជន៍របស់យើង ស្ថិតនៅក្រោមការគំរាមកំហែង»។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្ដាហ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានសន្យាផងដែរថា ទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនងមិត្តភាព ជាមួយសម្ពន្ធមិត្តនៅក្នុងតំបន់។
ទោះបីជាមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើនេះ បានលើកឡើងអំពីចេតនា ចង់មានទំនាក់ទំនងដ៏ប្រសើរឡើងជាមួយចិនក្តី ក៏ប្រមុខមន្ទីរបញ្ចកោណរូបនេះ ឆ្លៀតរិះគន់ទីក្រុងប៉េកាំង ជុំវិញការទាមទារដែនអធិបតេយ្យនៅក្នុងតំបន់ សមុទ្រចិនខាងត្បូងដោយសំអាងថា ការទាមទាររបស់ចិន គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់របស់អាមេរិកបែបនេះ គឺពិតណាស់នឹងមិនអាចធ្វើឲ្យចិន ទទួលយកបាននោះឡើយ៕