(វ៉ាស៊ីនតោន)៖ សេតវិមានកំពុងពិចារណាលើកាតព្វកិច្ចចាក់វ៉ាក់សាំង COVID-19 សម្រាប់បុគ្គលិករដ្ឋទាំងអស់ ឬក៏តម្រូវឱ្យពួកគេធ្វើតេស្ដ និងពាក់ម៉ាសជាប្រចាំ ដែលនេះជាការផ្លាស់ប្ដូរគោលនយោបាយមិនធ្លាប់មាន ឆ្លើយតបទៅនឹងការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន AP ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ស្ថិតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កាត្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ គឺអាស្រ័យទៅលើអត្រាករណីឆ្លង នៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយជម្រើសមួយនេះ ក៏កំពុងស្ថិតនៅក្រោមការពិចារណារបស់ លោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ បើតាមមន្ត្រីអាមេរិកដដែល សេតវិមានត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ លើគោលនយោបាយនេះទាំងស្រុងនៅក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា បើតាមទិន្នន័យផ្ដល់ដោយការិយាល័យសហព័ន្ធគ្រប់គ្រង និងកញ្ចប់ថវិកា កាលពីឆ្នាំ២០២០ បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកមានច្រើនជាង ៤.២លាននាក់ នៅទូទាំងប្រទេស ក្នុងនោះរាប់បញ្ចូលទាំងបុគ្គលិក នៅក្នុងវិស័យយោធាផងដែរ។
សម្រាប់ការឆ្លងរាតត្បាត COVID-19 នៅទូទាំងសហរដ្ឋអាមេរិកវិញ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងខ្លាំងនៅអំលុង ៥សប្តាហ៍ចុងក្រោយនេះ ដោយថ្ងៃខ្លះអ្នកឆ្លងមានចំនួនរហូតដល់ទៅលើស ៦០,០០០ករណីក្នុងមួយថ្ងៃឯណោះ។ ប៉ុន្តែសម្រាប់អត្រាស្លាប់វិញ គឺស្ថិតក្នុងកម្រិតមធ្យមនៅឡើយ៕