(ប៉ារីស)៖ ស្ថានទូតគុយបាប្រចាំនៅទីក្រុងប៉ារីស នៃប្រទេសបារាំងបានប្រកាសថា អគាររបស់ខ្លួនបានទទួលរងការវាយប្រហារ ដោយគ្រាប់បែកសាំង ដែលបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អដែលគ្មានបុគ្គលិកទូតណាម្នាក់ បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ស្ថានទូតគុយបាបានបញ្ចេញព័ត៌មានខាងលើនេះ អមដោយរូបថតមួយចំនួន នៅលើគណនី Twitter របស់ខ្លួន ដែលបង្ហាញអំពីការខូចខាត បង្កឡើងគ្រាប់បែកសាំង។ ទោះជាយ៉ាងណា ទាំងភាគីស្ថានទូតគុយបា និងអាជ្ញាធរបារាំងនៅមិនទាន់អាចបញ្ជាក់ថា តើក្រុមណាជាអ្នកប្រព្រឹត្តទង្វើនេះនៅឡើយទេ។
គួរបញ្ជាក់ថា ជាការឆ្លើយតបនឹងហេតុការណ៍ខាងលើនេះ ក្រសួងការបរទេសគុយបា បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយអំពាវនាវឲ្យអាជ្ញាធរបារាំង ស្វែងរកជន ឬក្រុមដៃដល់ ដែលបានបង្កការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ប្រឆាំងនឹងប្រទេសគុយបាបែបនេះ។
ការវាយប្រហារស្ថានទូតគុយបា នៅទីក្រុងប៉ារីសខាងលើនេះបានកើតមានឡើង បន្ទាប់ពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកសរុបជាង ២០ ក្នុងនោះរួមទាំងបារាំងផងដែរ បានប្រកាសថ្កោលទោស ការចាប់ខ្លួនមនុស្សជាច្រើននាក់ ជាការឆ្លើយតបនឹងបាតុកម្មបែបហិង្សាដ៏កម្រ ដែលបានកើតមានក្នុងប្រទេសដីកោះនេះ៕