(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៩១១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១,០៦៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញក្រៅពីតំបន់បិទខ្ទប់ (lockdown) ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ និងកំពុងស្ថិតក្នុងការបិទខ្ទប់នោះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៦,៣១៨នាក់។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១០,៤៨៧នាក់ ក្នុងនោះជាសះស្បើយ ២២,៩៤៦នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស នៅតែមានចំនួន ៥២៤នាក់ដដែល ដោយមិនទាន់មានការប្រកាសបន្ថែមនៅឡើយទេ៕