(វ៉ាស៊ីនតោន)៖ ក្រោយរកាំរកូសនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅទីបំផុតសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានចាប់ផ្ដើមយកភ្នែកសម្លឹងមើលអាស៊ាន (ASEAN) វិញហើយ ក្រោមក្របខណ្ឌនៃការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតលើតំបន់អាស៊ីដើម្បីប្រមូលផ្ដុំកម្លាំង សម្ពន្ធមិត្តឧ្ទប់ការកើនឡើងឥទ្ធិពលចិន។
នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលលោក បៃដិនបានបញ្ជូនមន្ត្រីអាមេរិកកំពូលៗ មកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីដោយស្ពាយយកមកជាមួយនូវរបៀបវារៈ ដ៏សំខាន់ នោះគឺចិនដែលនឹងត្រូវបានគេយកដាក់លើតុដើម្បីពិភាក្សា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ដើមបំពេញដំណើរ ទស្សនកិច្ចនៅឥណ្ឌា នៅថ្ងៃអង្គារ ទី២៧ ខែកក្កដានេះ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏នឹងផ្ដើមដំណើរទស្សនកិច្ចមកកាន់ ប្រទេសចំនួន ៣ក្នុងតំបន់អាស៊ីអាគេ្នយ៍ដូចជា សិង្ហបុរី វៀតណាម និងហ្វីលីពីននៅថ្ងៃអង្គារនេះដែរ។
ប៉ុន្តែ ទន្ទឹមគ្នានឹងការត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ក៏មានការចោទសួរផងដែរថាតើសម្ពន្ធភាពប្រជាធិបតេយ្យដ៏រ៉ឹងមាំមួយដែលអាមេរិកប្រាថ្នា ចង់បាន អាចទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់បានដែរឬទេ ឬក៏បង្កឱ្យមានការបែកបាក់គ្នាទៅវិញ នៅក្នុងបរិបទដែលក្រុមអ្នកជំនាញព្រមានថា ការប្រជែងគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិន ចង់ ឬមិនចង់ វាអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់ត្រូវជ្រើសរើសយកមួយនៅក្នុងចំណោមមហាយក្សទាំង២។
ពិតមែនទៅ បច្ចុប្បន្នបញ្ហាចោទដែលមេដឹកនាំពិភពលោកគួរតែចូលរួមដោះស្រាយ នោះការថែរក្សាស្ថិរភាពនិងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តែនៅពេលនិយាយដល់ការទូតជាមួយអាស៊ាន ក្រុមអ្នកជំនាញយល់ថាការផ្ដោតហួសហេតុពេកទៅលើគុណតម្លៃប្រជាធិបតេយ្យមិនមែនជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាពឡើយ។ សម្រាប់បណ្ដាប្រទេសអាស៊ានភាគច្រើន ការលើកឡើងថាប្រទេសប្រជាធិបតេយ្យតែងតែជោគជ័យជាងបណ្ដាប្រទេស សង្គមនិយម ឬកុម្មុយនិស្ដ វាបានក្លាយជាគំនិតហួសសម័យ ហើយបច្ចុប្បន្នរឿងពិតដែលគេមិនអាចប្រកែកបាន នោះគឺថាប្រជាធិបតេយ្យពិតជាកំពុងដើរ ថយក្រោយមែននៅជុំវិញពិភពលោក រីឯពួកមហាអំណាចធំៗកាន់តែប្រជែងដណ្ដើមឥទ្ធិពលគ្នាដើម្បីប្រយោជន៍របស់ពួកគេ។
លើសពីនេះទៅទៀត ការយល់ថាការគាបសង្កត់ និងជម្លោះគឺជាកត្តាកំណត់លក្ខណៈពិសេសថាប្រទេសមួយមិនប្រជាធិបតេយ្យ វាក៏មិនមែនត្រឹមត្រូវ រហូតនោះដែរ។ ជាឧទាហរណ៍ប្រទេសដូចជាសហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យ ក៏អាចផលិតចេញជាមេដឹកនាំមាននិន្នាការផ្ដាច់ការដូចជាលោក ដូណាល់ ត្រាំផងដែរ។
*ដំរីជល់គ្នា ងាប់ស្រមោច
បណ្ដាប្រទេសជាសមាជិកអាស៊ានមិនបានមើលឃើញថាការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន គឺជាការប្រជែងគ្នារវាងរដ្ឋប្រជាធិបតេយ្យ និងរដ្ឋផ្ដាច់ការ នោះទេ ហើយអ្វីដែលសំខាន់សម្រាប់ពួកគេ នោះគឺធ្វើយ៉ាងណាអាចធានាឱ្យបាននូវផលប្រយោជន៍ជាតិ និងការបន្តរស់រានមានជីវិតនៃប្រទេសជាតិ ឬរដ្ឋាភិបាលរបស់ពួកគេ។ ពីព្រោះថាក្នុងជម្លោះរវាងមហាអំណាច ២ អ្នកដែលត្រូវបរាជ័យ ឬខាតបង់ធ្ងន់តែងតែជាប្រទេសតូចតាចទន់ខ្សោយដែលចាញ់ បោកមនោគមន៍វិជ្ជា ឬក៏ផុងខ្លួនជាប់នៅចំកណ្ដាលនៃជម្លោះដោយបណ្ដោយឱ្យទឹកដីរបស់ខ្លួនក្លាយជាទីលានប្រយុទ្ធគ្នារបស់ពួកមហាអំណាចដូចពាក្យមួយ ដែលគេនិយាយថា «ដំរីជល់គ្នា ងាប់ស្រមោច»។ នេះហើយគឺជាបញ្ហាដែលអាស៊ានកំពុងប្រឈមនៅចន្លោះការប្រជែងគ្នារវាងអាមេរិក និងចិន។
បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ISEAS បណ្ដាប្រទេសអាស៊ានមានទំនោរភាគច្រើនទៅរកសហរដ្ឋអាមេរិក ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេក៏ត្រូវការចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនដែរ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលអាស៊ានខ្លួនឯងហៅថានយោបាយអព្យាក្រឹត្យ។ អាស៊ានត្រូវបាន គេមើលឃើញថានឹងមិនបោះបង់ចោលនយោបាអព្យាក្រឹត្យ ឬគោលនយោបាយមិនលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកឡើយ។ ពួកគេក៏នៅតែ សង្ស័យផងដែរចំពោះតម្លៃមនោគមន៍វិជ្ជា ព្រោះថាវាមិនមែនជាកត្តាកំណត់ទំនាក់ទំនងអន្តរជាតិទេ។ ជាក់ស្ដែង វៀតណាមជាប្រទេសកុម្មុយនីស្ដ តែបែរជា មានជម្លោះជាមួយចិនដែលជាប្រទេសកុម្មុយនិស្ដដូចគ្នា ហើយបែរជាបង្កើនទំនាក់ទំនងជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដែលជាប្រទេស សេរីប្រជាធិបតេយ្យទៅវិញ។ ត្រង់នេះមានន័យថាប្រយោជន៍ជាតិត្រូវតម្កល់ទុកជាធំ។
ក្រុមអ្នកជំនាញជឿជាក់ នៅចន្លោះការប្រជែងឥទ្ធិពលរឹតតែខ្លាំងរវាងអាមេរិក និងចិន បណ្ដាប្រទេសអាស៊ានអាចនឹងត្រូវបង្ខំចិត្តរើសយកមួយនៅក្នុងចំណោមមហាអំណាចទាំង២។ ក្នុងពេលបច្ចុប្បន្ន អ្វីដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោតសំខាន់នោះគឺការស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយ វិបត្តិ COVID-19 ដូច្នេះហើយ នៅក្នុងពេលអនគតដ៏ខ្លី ឬមធ្យម អាស៊ានច្បាស់ណាស់នៅតែត្រូវការកិច្ចសហប្រតិបត្តិការជាជាងចូលរួមក្នុងការប្រជែង ណាមួយ ដែលគ្មានប្រយោជន៍ដល់ពួកគេ។ តែបើសិនជាមិនអាចគេចផុតពីការប្រជែងគ្នារវាងមហាអំណាច នោះពួកគេនឹងធ្វើការសម្រេចចិត្តមួយដោយឈរលើ ប្រយោជន៍ និងផលចំណេញជាក់ស្ដែងភ្លាមៗ។
បញ្ហាប្រឈមដែលត្រូវដោះស្រាយភ្លាមៗ ដូចជាការដោះស្រាយកង្វះខាតវ៉ាក់សាំង, អុកស៊ីសែន និងការគ្រប់គ្រងការឆ្លងរាលដាល COVID-19 ទើបជារឿង ដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោត ដ្បិតវាជាបញ្ហានយោបាយក្នុងស្រុក។ ការដោះស្រាយបញ្ហាទាំងនេះបានដោយជោគជ័យ គឺជាគន្លឹះដ៏សំខាន់ក្នុង ការពង្រីកឥទ្ធិពល និងទទួលបានការទុកចិត្តពីប្រជាជន៕
ប្រភព៖ Lowy Institute (ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១)