(បែរឡាំង)៖ មនុស្សចំនួន៥នាក់កំពុងបាត់ខ្លួន និងមួយចំនួនទៀតបានរងរបួស ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅតំបន់ សួនឧស្សាហកម្មមួយកន្លែង ក្នុងទីក្រុង លេវើគូសិន (Leverkusen) ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាព្រឹកថ្ងៃអង្គារនេះ ម៉ោងក្នុងតំបន់នៅអាល្លឺម៉ង់ ហើយវាបានបង្កជាគ្រោះអគ្គីភ័យ នៅដេប៉ូស្តុកឥន្ធនៈគីមីមួយកន្លែង នៅសួនឧស្សាហកម្មឈ្មោះថា ឆេមផាក (Chempark) ដែលជាកន្លែងធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនគីមីដូចជា បេយើ (Bayer) និងឡានស៉ីស (Lanxess) ជាដើម។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាល្លឺម៉ង់ បុគ្គលិកមួយចំនួនបានរងរបួស ដោយក្នុងនោះយ៉ាងហោច ២នាក់រងរបួសធ្ងន់ ខណៈមនុស្ស៥នាក់ កំពុងបាត់ខ្លួន។ សម្រាប់មូលហេតុ ដែលបង្កឲ្យមានការបន្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រជាជនដែលរស់នៅក្បែរតំបន់នោះ ត្រូវបានអាជ្ញាធរជូនដំណឹងឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវស្ថិតនៅក្នុងផ្ទះរៀងៗខ្លួន និងបិទទ្វារ-បង្អួចឲ្យជិតៗ ហើយរង់ចាំការណែនាំ ផ្សេងៗទៀត៕