(ប៉េកាំង)៖ ថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិន កងកម្លាំងប៉ូលិសប្រដាប់អាវុធ អង្គការស៊ីវិលនិងអ្នកស្ម័គ្របានប្រមូលផ្តុំគ្នានៅខេត្ត Henan ប្រទេសចិនដើម្បីធ្វើការជួយសង្គ្រោះគ្រោះទឹកជំនន់ ដែលបានបង្ហាញពីភាពអត់ធន់និងសេចក្តីក្លាហាន ក៏ដូចជាភាពទន់ភ្លន់ និងស្មោះត្រង់របស់ជនជាតិចិន។
ខាងក្រោមនេះ យើងមកស្វែងយល់ពីខណៈពេលគួរឱ្យរំភើប បន្ទាប់ពីការជួយសង្គ្រោះគ្រោះទឹកជំនន់នៅខេត្ត Henan ប្រទេសចិន។
ក្រោយពីសម្រេចភារកិច្ចជួយសង្គ្រោះគ្រោះទឹកជំនន់ កងទ័ពជើងគោកមួយក្រុម បានឈប់សម្រាកតាមបទបញ្ជា។ ក្នុងអំឡុងពេលនេះ នាយទាហាននិងពលទាហានបានហៅសិស្សបឋមសិក្សា ដែលស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្នមួយ ទៅទទួលការអប់រំខាងកិច្ចការពារជាតិនៅបន្ទប់រៀនមួយ ព្រមទាំងជួយបង្រៀនចំណេះដឹងផ្សេងៗផងដែរ។
ពេលជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដែលកំពុងជាប់ខ្លួនដោយសារទឹកជំនន់ ប៉ូលិសប្រដាប់អាវុធឈ្មោះ Zhai Chengcai បានរអិលដួលបោកក្បាលលើដីសន្លប់បាត់ស្មារតី។ បន្ទាប់ពីគាត់ដឹងខ្លួនភ្លាមក៏និយាយថា ឆាប់ទៅសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់នោះ! សព្វថ្ងៃនេះ ប៉ូលិសម្នាក់នេះបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ប្តូរទៅបន្ទប់អ្នកជំងឺធម្មតា ស្ត្រីមានផ្ទៃពោះរូបនោះ បានទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យ។ ពេលជួបគ្នាម្តងទៀត លោក Zhai Chengcai ញញឹមទាំងអឹមអៀនលើគ្រែអ្នកជំងឺ ឯស្ត្រីមានផ្ទៃពោះវិញបានស្រក់ទឹកភ្នែកដោយក្តីរំភើប។
កាលពីថ្ងៃទី ២១ ខែកក្កដា កងកម្លាំងជួយសង្គ្រោះនៃកងទ័ពរ៉ុក្កែត បានលើកបីក្មេងៗ នៅមណ្ឌលកុមារកំព្រាក្រុង Zhengzhou ដើម្បីជម្លៀសទៅកន្លែងមានសុវត្ថិភាព។ ពេលទឹកជំនន់ស្រក ក្មេងៗបានវិលទៅមណ្ឌលកុមារកំពា្រវិញ។ នៅថ្ងៃទី២៤ ខែកក្កដា ក្រុមជួយសង្គ្រោះបានទៅដល់ មណ្ឌលកុមារកំពា្រជាថ្មីដើម្បីសួរសុខទុក្ខក្មេងៗ ហើយនាំយកបរិក្ខារវេជ្ជសាស្ត្រ ដើម្បីពិនិត្យសុខភាពឱ្យក្មេងៗទាំងអស់។ បុគ្គលិកវេជ្ជសាស្ត្របានទៅកុងទីនប្រាប់ចុងភៅ ពីការរក្សាអនាម័យម្ហូបអាហារ បន្ទាប់ពីគ្រោះមហន្តរាយ។ ជាមួយគ្នានេះ ពួកគេបានសម្លាប់មេរោគនៅកុងមីន និងកន្លែងចាក់សំរាម។
ដោយរងផលប៉ះពាល់ពីការធ្លាក់ភ្លៀងខ្លំាង នៅមន្ទីរពេទ្យឃុំ Dazhou ក្រុង Xuchang ខេត្ត Henan មានស្ត្រីមានផ្ទៃពោះម្នាក់ដែលជិតឆ្លងទន្លេ ត្រូវជាប់ខ្លួនដោយសារទឹកជំនន់ ប៉ូលិសប្រដាប់អាវុធបានជម្លៀសស្ត្រីរូបនេះ ទៅទីទួលសុវត្ថិភាពដោយទាន់ពេល ថែមទាំងបានបញ្ចូនគាត់ទៅមន្ទីរពេទ្យស្រុក។ នៅថ្ងៃទី ២២ ខែកក្កដា ទារកឈ្មោះ Kangkang បានចាប់កំណើតដោយសុវត្ថិភាព។ ឈ្មោះ Kangkang មានន័យថាការប្រយុទ្ធប្រឆាំងឹនឹងគ្រោះមហន្តរាយ ឪពុកម្តាយ Kangkang ដាក់ឈ្មោះនេះ ឱ្យកូនគឺដើម្បីអរគុណចំពោះរដ្ឋាភិបាល បក្សនិងកងកម្លាំងប៉ូលិសប្រដាប់អាវុធ។
នាយប់ថ្ងៃទី ២០ ខែកក្កដា លោក Li Junhua និងកូនដែលទើបមានអាយុ ១ខួប ត្រូវជាប់ខ្លួននៅក្បែរផ្លូវល្បឿនលឿន ពេលធ្វើការជួយសង្គ្រោះ ភ្នាក់ងារពន្លត់អគ្គិភ័យមើលឃើញខោអាវក្មេងនោះសើមណាស់ ក៏ដោះអាវរបស់ខ្លួនឱ្យក្មេងនោះពាក់។ លោក Li Junhua ចង់ថ្លែងអំណរគុណដោយផ្ទាល់ ចំពោះភ្នាក់ងារពន្លត់អគ្គិភ័យរូបនេះ តែយុវជនឈ្មោះ Zhang Hao នេះបានទៅអនុវត្តភារកិច្ចជួយសង្គ្រោះនៅតំបន់ផ្សេងទៀត គាត់ថា អាវនេះទុកជាអនុស្សាវរីយ៍ឱ្យក្មេងនោះចុះ៕