(ហ្សឺណែវ)៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៃអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ជនចំណាកស្រុកយ៉ាងហោចណាស់ ៥៧នាក់បានស្លាប់ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីទូកមួយបានលិចនៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean) ក្បែរទីក្រុង ឃូមស៍ (Khums) នៃប្រទេសលីប៊ី។ វាជាសោកនាដកម្មថ្មីចុងក្រោយមួយទៀត នៅតំបន់សមុទ្រនេះ ទីដែលមានមនុស្សជាង ១,១០០នាក់បានស្លាប់ នៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់អង្គការ IOM លោកស្រី សាហ្វា ម្ស៉េលី (Safa Msehli) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា សាកសពមិនទាន់ត្រូវបានគេរកឃើញ នៅក្នុងឧប្បតិ្តហេតុលិចទូកនេះទេ ប៉ុន្តែអ្នកនៅរស់រានមានជីវិត ត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ដោយអ្នកនេសាទ និងឆ្មាំសមុទ្រ ក្នុងនោះក៏រួមមានជនចំណាកស្រុកមកពីប្រទេសនីហ្សេរីយ៉ា (Nigeria), ហ្កាណា (Ghana) និងហ្កាំប៊ី (Gambia) ជាដើម។
បើតាមអ្នកនៅរស់រានមានជីវិត ក្នុងចំណោមមនុស្សដែលបានលង់ទឹកស្លាប់ មាន២០នាក់គឺជាស្រ្តី និង០២នាក់គឺជាកុមារ។ លោកស្រី Safa Msehli បានគូសបញ្ជាក់ប្រាប់បន្ថែមថា ជនចំណាកស្រុកដែលភាគច្រើនមកពីប្រទេសអាហ្វ្រិកខាងលិច បានធ្វើដំណើរចាកចេញពីទីក្រុង Khums នៃប្រទេសលីប៊ី ជាមួយគោលដៅប្រហែលឆ្ពោះទៅកាន់ទ្វីបអ៊ឺរ៉ុប។
គួរបញ្ជាក់ថា ការភៀសខ្លួនតាមទូកដោយជនអន្តោប្រវេសន៍ ទៅកាន់ប្រទេសអ៊ីតាលី និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប ពីប្រទេសលីប៊ី និងទុយនេស៉ី បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយសារអាកាសធាតុហាក់មានភាពល្អប្រសើរ។ មនុស្សរាប់ម៉ឺននាក់ បានឆ្លងផុតការធ្វើដំណើរដ៏គ្រោះថ្នាក់បែបនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមនុស្សជាច្រើនបានភៀសខ្លួនចេញពីបញ្ហាជម្លោះ និងភាពក្រីក្រនៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា៕