Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន បង្ហាញការធុញទ្រាន់ ចំពោះអ្នកកាសែតនៅសេតវិមាន ដែលសួរសំណួរលើសរបៀបវារៈ (Video inside)

27-07-2021 15:31

(វ៉ាស៉ីនតោន)៖ កំលុងពេលឆ្លើយសំណួរ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa Al-Kadhimi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅឯសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អត់ទ្រាំមិនបាន ក៏ហៅអ្នកកាសែតម្នាក់ថា «ពិតជាគួរឲ្យរំខាន» ដោយសារតែ ជជីកសួរហួសពីរបៀបវារៈ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

ក្រោយទទួលជួបលោក Al-Kadhimi លោក បៃដិន បានទុកពេលវេលាខ្លះឲ្យអ្នកកាសែតសួរសំណួរ។ ពេលការសួរសំណួរជិតចប់ទៅហើយ អ្នកកាសែតជើងចាស់ម្នាក់គឺលោកស្រី ខេលី អូដូននែល (Kelly O'Donnell) ក៏បានជជីកសួរទាក់ទងនឹងសេចក្តីប្រកាស នាពេលថ្មីៗ ស្តីពីការកំណត់កាតព្វកិច្ច ចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសុខាភិបាលទាំងអស់ របស់ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក។

លោក បៃដិន បានឆ្លើយតបដូច្នេះថា «អ្នកដូចជាគួរឲ្យរំខានណាស់ ប៉ុន្តែខ្ញុំនឹងឆ្លើយសំណួរនេះ ដោយសារយើងបានស្គាល់គ្នាច្រើនឆ្នាំមកហើយ» ប៉ុន្តែទន្ទឹមគ្នានោះលោក បៃដិន ក៏បានញញឹមនិងសើចផងដែរ ហើយខាងលោកស្រី O'Donnell ផ្ទាល់ ក៏ហាក់មិនបានប្រកាន់អ្វីដែរ ដោយលោកស្រីទំនងចាត់ទុកថា ជាការនិយាយលេងរបស់លោក បៃដិន។

គួរបញ្ជាក់ថា បើតាមលោក បៃដិន គឺក្នុងពេលឆាប់ៗ ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក នឹងតម្រូវឲ្យបុគ្គលិកសុខាភិបាលទាំងអស់ នៅតាមមូលដ្ឋាននានាដែលនៅក្រោមក្រសួង ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាកំហិត នាំឲ្យក្រសួងនេះក្លាយជា ស្ថាប័នសហព័ន្ធដំបូងគេ នៅសហរដ្ឋអាមេរិក ដែលតម្រូវឲ្យបុគ្គលិកជួរមុខរបស់ខ្លួន ត្រូវតែចាក់វ៉ាក់សាំង។ យ៉ាងណាមិញ លោក បៃដិន មិនបាននិយាយថា តើនឹងមានការដាក់កំហិតចាក់វ៉ាក់សាំងបែបនេះ ចំពោះស្ថាប័នសហព័ន្ធដទៃទៀតដែរឬយ៉ាងណាទេ នាពេលខាងមុខ៕