(ណានជីង)៖ នាយកដ្ឋានធនធានទឹកខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បានបង្កើនកម្រិតប្រកាសអាសន្នចំពោះគ្រោះទឹកជំនន់ នៅតាមផ្នែកជាច្រើននៃដងទន្លេ និងប្រឡាយ ក្នុងថ្ងៃអង្គារនេះ ខណៈព្យុះទីហ្វុងអ៉ីនហ្វា (In-Fa) កំពុងបក់បោកនៅក្នុងខេត្តនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ព្យុះទីហ្វុង In-Fa ដែលជាព្យុះទី៦ នៃឆ្នាំ២០២១នេះ បានបោកបក់ទៅដល់ទីក្រុង លីយ៉ាង (Liyang) ខេត្ត ជាំងស៊ូ (Jiangsu) នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីឆ្លងកាត់ខេត្តស៉ីជាំង (Zhejiang) ដែលនៅក្បែរគ្នា។
នាយកដ្ឋានធនធានទឹកខេត្ត Jiangsu បានឱ្យដឹងថា ព្យុះទីហ្វុង In-Fa នេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយព្យក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមការព្យាករណ៍ដែលបានចេញផ្សាយនៅវេលាព្រឹកថ្ងៃអង្គារនេះ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុងជាច្រើននៃខេត្តនេះ នៅរសៀលនេះ។
គួរបញ្ជាក់ថា អាជ្ញាធរខេត្ត Jiangsu បានធ្វើការជម្លៀសប្រជាជនចំនួន ៣៣៥,៥២៩នាក់ នៅក្នុងខេត្ត រួចរាល់ហើយ ដើម្បីធានាសុវត្ថិភាពប្រជាជនទុកជាមុន គិតត្រឹមម៉ោង ០៤៖០០ល្ងាច កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ខេត្ត Jiangsu ក៏បានឃើញទូក-កប៉ាល់ចំនួន១៩,០៩១គ្រឿង វិលត្រឡប់មកកាន់កំពង់ផែវិញ ហើយក្រុមហ៊ុនចំនួន៧,៨០២កន្លែង ក៏បានផ្អាកអាជីវកម្មរបស់ពួកគេ ខណៈការដ្ឋានសំណង់ចំនួន២៣,២៤៧ ក៏បានផ្អាកការងារ ហើយទីតាំងមើលទេសភាពចំនួន ៤៧៩កន្លែង ក៏បានបិទដំណើរការផងដែរ៕