(ប៉េកាំង)៖ កាលពីថៃ្ងទី ១៦ ខែកក្កដា មហាសន្និបាតសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី ៤៤ បានប្រារព្ធធ្វើនៅក្រុង Fuzhou ខេត្ត Fujian នៃប្រទេសចិន។ នេះជាលើកទី ២ ហើយដែលប្រទេសចិនរៀបចំធ្វើ មហាសន្និបាតសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីរំលងអស់រយៈពេល ១៧ ឆ្នាំ។ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កឧបសគ្គជាច្រើនដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅទូទាំងពិភពលោក ដូច្នេះក្នុងបរិបទបែបនេះ ការរៀបចំធ្វើមហាសន្និបាតសម្បត្តិបេតិកភណ្ឌពិភពលោកលើកនេះ មានអត្ថន័យពិសេស។

ដោយសារការរីករាលដាលនៃជំងឺឆ្លង បានជាមហាសន្និបាតសម្បត្តិបេតិកភណ្ឌពិភពលោកលើកនេះ នឹងពិនិត្យពិភាក្សាកម្មវិធីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលមានការងារកើនទ្វេជាពីរដង បើប្រៀបធៀបនឹងឆ្នាំមុនៗ តាមការប៉ាន់ប្រមាណថា បញ្ជីគ្រប់ផែ្នកក្នុងនោះបូករួមទាំ «បញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក» ជាដើម នឹងមានការបំពេញបន្ថែមជាច្រើន។ ដោយឡែកកម្មវិធីអំពីក្រុង Quan Zhou ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកលតាមផ្លូវសមុទ្រ ក្នុងរជ្ជកាលសុង និងយាន់នៃប្រទេសចិន ដែលប្រទេសចិនស្នើសុំជាបេតិកភណ្ឌនៅឆ្នាំនេះ នឹងត្រូវពិនិត្យពិភាក្សាក្នុងមហាសន្និបាតលើកនេះ។

អ្នកផងទាំងពួងបានជ្រាបហើយថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលមានសម្បតិ្តបេតិកភណ្ឌពិភពលោកចំនួន ១១២១ កន្លែងហើយនៅពេលអនាគត នឹងមានសម្បតិ្តបេតិកភណ្ឌពិភពលោក កាន់តែច្រើនឡើងៗ។ សម្បតិ្តបេតិកភណ្ឌពិភពលោកនីមួយៗ សុទ្ធតែអាចរៀបរាប់រឿងរ៉ាវរបស់ខ្លួន និងបានបង្ហាញពីប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរពិភពលោកបានធ្លាក់ចុះ ៦៦ ភាគរយ បណ្តាលឱ្យតំបន់អភិរក្សសម្បតិ្តបេតិកភណ្ឌពិភពលោក ខាតបង់ប្រាក់ចំណូលលើសពីចំនួនពាក់កណ្តាល ប៉ុន្តែបច្ចុប្បន្ននេះបានឈានចូលដំណាក់កាលមានការរីកចម្រើនឡើង និងការងើបឡើងវិញ ហេតុនេះហើយបានជា មហាសន្និបាតលើកនេះមានសារៈសំខាន់ណាស់។ ប្រទេសចិនជាអ្នកគាំទ្រដ៏រឹងមាំនិងជាអ្នកអនុវត្តយ៉ាងសកម្មនៃ «សន្ធិសញ្ញាស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅលើពិភពលោក»។ ចាប់តាំងពីបានចូលរួមសន្ធិសញ្ញានេះកាលពីឆ្នាំ ១៩៨៥ មក ប្រទេសចិនមានសម្បតិ្តបេតិកភណ្ឌចំនួន ៥៦ កន្លែងត្រូវដាក់បញ្ជូលក្នុងបញ្ជីពិភពលោក ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានប្រភេទសម្បតិ្តបេតិកភណ្ឌពិភពលោក ដោយគ្រប់ជ្រុងជ្រោយ។ សម្បត្តិបេតិកភណ្ឌពិភពលោកទាំងនេះ មិនត្រឹមតែបានគ្របដណ្តប់លើប្រព័ន្ធអេកូបរិស្ថានធម្មជាតិ ដ៏សំខាន់និងសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបប៉ុណ្ណោះទេ ក៏បូករួមទាំងស្ថាប័នអភិរក្សបុរាណវត្ថុចំនួនជាង ២០០ សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ល្បីល្បាញ និងភូមិឃុំប្រពៃណីជាច្រើន។

ក្នុងរយៈពេល ៣៦ ឆ្នាំមក រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់អនុវត្ត «សន្ធិសញ្ញាស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកខាងវប្បធម៌និងធម្មជាតិនៅលើពិភពលោក» ក៏ដូចជាជំរុញយ៉ាងខ្លាំងក្លា នូវការអភិវឌ្ឍបុព្វហេតុអភិរក្សបេតិកភណ្ឌ និងបានសន្សំនូវបទពិសោធន៍ជាច្រើន ព្រមទាំងបានរួមចំណែកជាពុទ្ធិចិន គម្រោងចិន និងកម្លាំងចិនដល់បុព្វហេតុអភិរក្សបេតិកភណ្ឌពិភពលោក។

ទីមួយ៖ ផ្តល់ការធានាយ៉ាងមុតមាំ តាមរយៈច្បាប់និងការកំណត់។ ប្រទេសចិនបានដាក់បញ្ជូលគោលការណ៍ជាមូលដ្ឋាន នៃការកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងរដ្ឋធម្មនុញ្ញ ហើយបានដាក់ចេញច្បាប់ និងការកំណត់គ្រប់ផែ្នកព្រមទាំងឯកសារជាបទដ្ឋានចំនួនជាង ៣៣០ ច្បាប់ ក្នុងន័យបង្កើតជាប្រព័ន្ធ ប្រកបដោយសុក្រឹតភាពបង្គួរសម្រាប់អភិរក្ស គ្រប់គ្រងនិងស្ទង់ពិនិត្យសម្បតិ្តបេតិកភណ្ឌពិភពលោក ដើម្បីសម្រេចបាននូវការគ្រោងផែនការតាមបែបវិទ្យាសាស្ត្រ ក៏ដូចជាការត្រួតពិនិត្យ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចំពោះតំបន់អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក។

ទីពីរ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា។ ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការប្រើប្រាស់ និងការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យា ក្នុងគម្រោងអភិរក្សវត្ថុបុរាណដ៏សំខាន់ៗ បានរៀបចំការគ្រោងផែនការ និងគ្រប់គ្រងតំបន់អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ឱ្យមានភាពកាន់តែឆ្លាតវៃតាមរយៈការប្រើប្រាស់ព័ត៌មានវិទ្យា និងទិន្នន័យធំ ក៏ដូចជាការប្រើប្រាស់បច្ចេកទេសឌីជីថល ធ្វើឱ្យតំបន់អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីរូបភាពប្រឌិតដើម។ បច្ចេកទេសនិងព័ត៌មានវិទ្យាទាំងនេះធ្វើឱ្យសម្បត្តិបេតិកភណ្ឌពិភពលោកនៅតែពោរពេញទៅដោយ"កម្លាំងរស់រវើក"ក្នុងសម័យទំនើបដដែល។

ទីបី៖ ការអនុវត្តប្រតិបត្តិអភិរក្សជាក់ស្តែង។ មេដឹកនាំកំពូលរបស់ប្រទេសចិនបានសង្កត់ធ្ងន់ថា សម្បត្តិបេតិកភ័ណ្ឌខាងប្រវត្តិសាស្ត្រ និងវប្បធម៌គឺជាធនធានដ៏មានតម្លៃ ដែលមិនអាចកកើតឡើងវិញបាន ហើយក៏មិនអាចជំនួសបានផងដែរ។ ត្រូវតម្កល់ទុកការអភិរក្សជាភារកិច្ចចម្បងជាប់រហូត។ ដូចនេះ កាលពីច្រើនឆ្នាំមុន វាំងចាស់ក៏បានចាប់ផ្តើមអនុវត្តការកំណត់ស្តីពីការ "បិទទ្វានៅថ្ងៃច័ន្ទ" រីឯភូមិ A Zhe Ke ដែលស្ថិតក្នុងតំបន់ទេសភាពស្រែ តាមជម្រាលភ្នំនៃជនជាតិ Hani នៅតំបន់ HongHe ខេត្ត YunNan ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកខាងវប្បធម៌ បានធ្វើឱ្យការងារអភិរក្ស ផ្សារភ្ជាប់ជាមួយការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះគឺជាគំនិតថ្មីរបស់ប្រទេសចិន សម្រាប់អភិរក្សសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ សមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់របស់ប្រទេសចិន ក្នុងបុព្វហេតុអភិរក្សបេតិកភណ្ឌពិភពលោក ក៏ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់អង្គការយូណេស្កូ និងគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ «របាយការណ៍ស្តីពីការរំពឹងទុក ចំពោះសម្បត្តិបេតិកភ័ណ្ឌពិភពលោកឆ្នាំ ២០២០» ដែលជារបាយការណ៍វាយតម្លៃប្រកបដោយកិត្យានុភាព ចំពោះស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក នៅទូទាំងពិភពលោក ដែលចេញផ្សាយដោយ សហព័ន្ធអភិរក្សធម្មជាតិពិភពលោកបានបង្ហាញថា ស្ថានភាពអភិរក្សជាទូទៅរបស់ប្រទេសចិន មានភាពល្អប្រសើរជាងកម្រិតគិតជាមធ្យម របស់ផ្ទៃអន្តរជាតិយ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា ការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជាការងារមានក្បួនច្បាប់តែមួយទេ ត្រូវអភិរក្សនិងរក្សាទុកសម្បត្តិបេតិកភណ្ឌដ៏ឆ្នើម ក៏ដូចជារួមសហការគ្នាធ្វើការងារអភិរក្សផងដែរ។ ច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងសកម្មក្នុងវិស័យអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងមុនទាំងក្រោយ ត្រូវជ្រើតាំងជាសមាជិក នៃគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោក ៤ លើក ហើយបានគាំទ្រអង្គការយូណេស្កូអនុវត្តយុទ្ធសាស្ត្រស្តីពី «ការចាត់ទុកអាហ្វ្រិកជាអាទិភាព» និងជួយអាហ្រ្វិកធ្វើការងារអភិរក្សសម្បត្តិបេតិកភណ្ឌ ក្រៅពីនេះ ក៏បានផ្តល់ជំនួយអស់ពីលទ្ធភាពរបស់ខ្លួន ដល់ការងារអភិរក្ស និងជួសជុលសម្បតិ្តបេតិកភណ្ឌនៅប្រទេសកម្ពុជា កេនយ៉ា និងនេប៉ាល់ជាដើមផងដែរ។

នៅឆ្នាំ ១៩៩២ រមណីយដ្ឋានបុរាណអង្គរនៃប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកខាងវប្បធម៌។ ដោយឡែករដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូបានចាប់ផ្តើមសកម្មភាពអន្តរជាតិកាលពីឆ្នាំ ១៩៩៣ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ហើយទទួលបានការជួយឧបត្ថម្ភជាប្រាក់ទុន និងបច្ចេកវិទ្យាជាបន្តបន្ទាប់ពីសំណាក់ប្រទេសចំនួនជាង ១០។

ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាអ្នកចូលរួមដំបូងបង្អស់ នៃសកម្មភាពអន្តរជាតិអភិរក្សរមណីយដ្ឋានអង្គរ ប្រទេសចិនបានចាប់ផ្តើមចូលរួមសកម្មភាពអន្តរជាតិអភិរក្សអង្គរ ចាប់ពីទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍មុន ដើម្បីជួយប្រទេសកម្ពុជាជួសជុលប្រាសាទ និងសំណង់បុរាណដែលត្រូវបាក់រលំ និងរងការខូចខាត។ បច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចបាននូវគម្រោងជួសជុលប្រាសាទពីរ គឺ ប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ គម្រោងជួសជុល អតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដែលជាគម្រោងដំណាក់កាលទី ៣ នៃការជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរ ដែលឧបត្ថម្ភដោយប្រទេសចិនបានចាប់ផ្តើមជាផ្លូវការ។ ព្រះបរមរាជវាំងជាប្រាសាទសំខាន់ក្នុងរមណីយដ្ឋានអង្គរ។ ក្រុមការងារចិនគ្រោងនឹងប្រើប្រាស់ ១១ ឆ្នាំ ធ្វើឱ្យប្រាសាទនេះបង្ហាញពីភាពត្រចះត្រចង់ នៅសម័យរាជវង្សអង្គរជាថ្មីឡើងវិញ។

ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា នៃប្រទេសកម្ពុជាធ្លាប់ថែ្លងថា ការងារជួយជួសជុលរមណីយដ្ឋានអង្គរ គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលប្រទេសចិនផ្តល់ការគាំទ្រយ៉ាងសកម្ម ដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រទេសកម្ពុជាមានការជឿជាក់យ៉ាងពេញលេញ ចំពោះបច្ចេកវិទ្យា ទស្សនៈ និងអាកប្បកិរិយារបស់ក្រុមការងារចិន។ ក្នុងដំណើរការចូលរួមអភិរក្សរមណីយដ្ឋានអង្គរ ប្រទេសចិនមិនត្រឹមតែបានរួមចំណែកដ៏ធំសម្បើម ក្នុងការជួសជុលវត្ថុបុរាណប៉ុណ្ណោះទេ ថែមទាំងក៏បានជួយប្រទេសកម្ពុជា បណ្តុះបណ្តាលអ្នកជំនាញមួយចំនួនលើវិស័យការអភិរក្ស និងជួសជុលវត្ថុបុរាណផងដែរ ប្រការនេះបាននាំមកនូវទស្សនៈថ្មី គំនិតថ្មី និងបច្ចេកវិទ្យាថ្មី ក្នុងការអភិរក្សប្រាសាទបុរាណ ។

ក្រៅពីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា នេប៉ាល់ និងកេនយ៉ាជាដើម កិច្ចសហប្រតិបត្តិការស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសចិន ក៏ពង្រីកទៅកាន់ប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» ទៀតផង ប្រទេសចិនបានចូលរួមគម្រោងសហប្រតិបត្ដិការផ្នែកបុរាណវិទ្យា និងជួសជុលនៅប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ឥណ្ឌា បង់ក្លាដែស មីយ៉ាន់ម៉ា និងអ៊ូសបេគីស្ថានជាដើម។

ទ្រព្យសម្បតិ្តដ៏មានតម្លៃហាក់ដូចជាអំណោយពីធម្មជាតិ ពិភពលោកទាំងមូលអាចចែករំលែកជាមួយគ្នា។ សម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងនេះ មិនត្រឹមតែជាបេតិកភណ្ឌរបស់ជនជាតិណាមួយប៉ុណ្ណោះទេ ថែមទាំងក៏ជាបេតិកភណ្ឌពិភពលោកទាំងមូលផងដែរ។ ការអភិរក្ស បន្តវេននិងប្រើប្រាស់ទ្រព្យសម្បតិ្ត ដ៏មានតម្លៃទាំងនេះឱ្យបានល្អ ជាទំនួលខុសត្រូវរបស់មនុស្សជាតិទាំងមូល៕