(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ១៤,១៥០នាក់ទៀត ត្រូវបានរកឃើញនៅក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃ ក្នុងកម្រិតខ្ពស់ដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤,១៥០នាក់ខាងលើនេះ ២៤៥នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ បន្ថែមពីនេះនៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១១៨នាក់ទៀតបាត់បង់ជីវិត និងអ្នកជាសះស្បើយ ៩,១៦៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅប្រទេសថៃកើនឡើងដល់ ៥២៦,៨២៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,២៦៤នាក់ និងជាសះស្បើយវិញ ៣៥០,៦៤៣នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ១៥.៧លានដូស ក្នុងនោះប្រជាជនសរុប ៣.៦៣លាននាក់ (៥.២% នៃចំនួនប្រជាជនថៃសរុប) បានទទួលការចាក់គ្រប់ដូស៕