(រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសកលកាលពីឆ្នាំ២០២០ ដែលគណបក្សរបស់ លោកស្រី អោង សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ ដោយសំអាងថា ការបោះឆ្នោតនេះគ្មានភាពយុត្តិធម៌ និងតម្លាភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ការប្រកាសលុបចោលលទ្ធផលបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើងដោយប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា លោក ធេន សូ (Thein Soe) ដោយសំអាងថា សន្លឹកឆ្នោតច្រើនជាង ១១លានសន្លឹកត្រូវបានលួចបន្លំ។ លោក Thein Soe បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND បានព្យាយាមដណ្ដើមអំណាចរដ្ឋពីគណបក្សផ្សេង និងពីបេក្ខជនដទៃ តាមរយៈការធ្វើសកម្មភាពបោកបញ្ឆោត កំលុងការរឹតត្បិតប្រឆាំងជំងឺ COVID-19... វាជាការបោះឆ្នោតដែលគ្មានភាពយុត្តិធម៌ និងតម្លាភាព ហើយនេះគឺជាហេតុផល ដែលលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ត្រូវបានលុបចោល»។
ទោះជាយ៉ាងណា លោក Thein Soe មិនបានបញ្ជាក់ថា ការបោះឆ្នោតសកលថ្មីមួយនឹងរៀបចំនៅពេលណានោះទេ ស្របពេលប្រមុខរបបយោធាមីយ៉ាន់ម៉ា ធ្លាប់បានសន្យាថា ការបោះឆ្នោតជាថ្មីនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ០២ឆ្នាំខាងមុខ ហើយក៏បានគំរាមរំលាយគណបក្សរបស់លោកស្រី ស៊ូជី ផងដែរ៕