(វ៉ាស៉ីនតោន)៖ ជនរងគ្រោះចុងក្រោយនៃឧប្បត្តិហេតុបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ ឈ្មោះថា ឆេមផ្លេន (Champlain Towers) ស្ថិតនៅតំបន់ មៃអាមី-ដេដ (Miami-Dade-County) ទីក្រុង Surfside រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះត្រូវបានអាជ្ញាធរកំណត់ អត្តសញ្ញាណរួចរាល់ហើយ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៩៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក អាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះចុងក្រោយនៃឧប្បត្តិហេតុបាក់រលំអគារ Champlain Towers រួចរាល់ហើយ ដោយជនរងគ្រោះនោះមានឈ្មោះថា Estelle Hedaya ភេទស្រី អាយុ ៥៤ឆ្នាំ។
អភិបាលតំបន់ Miami-Dade County លោកស្រី ដានីញែលឡា លេវីន ខាវ៉ា (Daniella Levine Cava) បានគូសបញ្ជាក់ថា ជនរងគ្រោះចំនួន៩៨នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណរួចរាល់ហើយ ក្នុងនោះមានជនរងគ្រោះចំនួន ៩៧នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងគំនរបាក់បែក និងជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា អគារខុនដូ Champlain Towers មានទីតាំងនៅជាប់ឆ្នេរសមុទ្រ ហើយបានបាក់រលំមួយផ្នែកកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ។ ពុំមានជនរងគ្រោះណាម្នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតឡើយ។ រហូតមកទល់ពេលនេះ គេក៏មិនទាន់រកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឱ្យកើតមានសោកនាដកម្មបាក់រលំអគារខាងលើនេះដែរ ដោយក្រុមអ្នកជំនាញបានអះអាងថា យ៉ាងហោចណាស់ វាក៏អាចត្រូវការចំណាយពេលជាច្រើនខែ ក្នុងការស៊ើបអង្កេតដែរ៕