(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៩,០៦០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,២៥១,៤៥៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៦,៩០៧នាក់ និងជាសះស្បើយឡើងសរុប ២៩.៥២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ប៉ុន្មានថ្ងៃមកនេះ មន្ត្រីជំនាញនៃរដ្ឋបាលលោក ចូ បៃដិន បានលើកឡើងអំពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងដូសទី ៣ (Booster Shot) ជូនដល់មនុស្សមួយចំនួនដែលចាំបាច់ ខណៈការឆ្លងរាតត្បាត COVID-19 ជាពិសេសពិសេសបម្លែងថ្មី Delta កំពុងកើនឡើងជាលំដាប់ ជាពិសេសនៅតាមបណ្តារដ្ឋ ដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាំងក្លាដូចជា កាលីហ្វ័រញ៉ាជាដើម។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៨.៤៧លាននាក់ (៥៧.៤%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៣.០២លាននាក់ (៤៩.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕