(ប៉េកាំង)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដូចជា CNN និង Reuters បានធ្វើឱ្យចិនផ្ទុះកំហឹង ដោយសារតែពួកគេបានយករូបថតមិនស្អាតរបស់ម្ចាស់មេដាយមាសចិនទៅបង្ហោះក្នុងព័ត៌មានស្ដីពី ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Global Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ស្ថានទូតចិនប្រចាំប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានរិះគន់យ៉ាងខ្លាំងលើសារព័ត៌មាន Reuters ពាក់ព័ន្ធនឹងការយករូបមិនស្អាតរបស់កីឡាការិនី ហូវ ជីហ៊ុយ (Hou Zhihui) ដែលជាម្ចាស់មេដាយមាសផ្នែកកីឡាលើកទម្ងន់ទៅបង្ហោះ ដោយរូបភាពនេះត្រូវបានថតនៅពេលកីឡាការិនី Hou កំពុងប្រឹងប្រែងលើកទម្ងន់ទាំងមុខមិនស្អាត។ ស្ថានទូតចិនបានចាត់ទុកថា ការជ្រើសរើសយករូបថតបែបនេះមកបង្ហោះ គឺជាទង្វើមិនគោរពដល់អត្តពលិក ហើយបង្ហាញពីមុខមាត់អាក្រក់ពិតប្រាកដរបស់ Reuters។
នៅក្នុងសារមួយបង្ហោះលើ Twitter ស្ថានចិនប្រចាំប្រទេសស្រីលង្កា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំយកនយោបាយមកឡូកឡំជាមួយកីឡា ហើយហៅខ្លួនឯងជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ....»។ ជុំវិញភាពចម្រូងចម្រាសនេះដែរ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមលោកខាងលិចខ្លះបានលើកឡើងថា ការយករូបកីឡាការិនី Hou កំពុងលើកទម្ងន់ទៅបង្ហោះមិនជារឿងមិនសមរម្យ ឬក៏អាក្រក់នោះទេ ពីព្រោះវាចង់បង្ហាញថាគ្មានរឿងល្អមួយកើតឡើង ដោយងាយស្រួលនៅក្នុងជីវិតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំប្រទេសស្រីង្កា បានធ្វើការប្រៀបធៀបរូបថតរបស់អត្តពលិកផ្សេងទៀតដែល Reuters យកទៅបង្ហោះលើព័ត៌មានខ្លួនដោយសង្កត់ធ្ងន់ថា ហេតុអ្វីរូបថតថតក្នុងពេលតែមួយ, ព្រឹត្តិការណ៍អូឡាំពិកតែមួយ, ចុះផ្សាយដោយសារព័ត៌មាន Reuters ដូចគ្នាតែបែរជា មានមុខមាត់ខុសគ្នាទៅវិញ?
ក្រៅតែ Reuters ទូរទស្សន៍ CNN ក៏បានធ្វើឱ្យចិនក្ដៅក្រហាយផងដែរ ដោយទូរទស្សន៍អាមេរិកមួយនេះទាញភ្ជាប់ករណីឆ្លង COVID-19 ដោយដាក់ ចំណងជើងធំៗថា «មេដាយមាសសម្រាប់ចិន... ករណីឆ្លង COVID-19 កាន់ច្រើន» ឬជាភាសាអង់គ្លេសរសេរថា «Gold for China… and more COVID-19 cases»។ ប៉ុន្តែការសរសេរថា «more COVID-19 cases» បែបនេះ មិនត្រូវបានបញ្ជាក់ឱ្យច្បាស់ថា ចង់សំដៅទៅលើអ្វីឱ្យប្រាកដនោះទេ៕