(ស៊ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales) និងទីក្រុង ស៊ីដនី ដែលស្ថិតនៅក្នុងនោះដែរ បានរាយការណ៍ពីករណីឆ្លង COVID-19 កើនឡើងខ្ពស់បន្ថែមទៀត ខណៈវីរុសបម្លែងថ្មី Delta កាន់តែបញ្ចេញឥទ្ធិពល ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំប្រទេសអូស្ត្រាលីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលអូស្ត្រាលី គិតចាប់តាំងពីវីរុស COVID-19 បម្លែងថ្មី Delta បង្ហាញវត្តមាននៅក្នុងរដ្ឋ New South Wales តែឯងប៉ុណ្ណោះ ករណីឆ្លងវីរុសនេះសរុបជិត ២,៤០០នាក់ហើយត្រូវបានធ្វើតេស្តវិជ្ជមាន។ នៅព្រឹកថ្ងៃអង្គារនេះដែរ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧២នាក់ទៀតត្រូវបានរកឃើញ ជាការកើនឡើងខ្ពស់ជាងថ្ងៃចន្ទម្សិលមិញ ដែលមានត្រឹមតែ ១៤៥នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៦០នាក់ត្រូវបានរកឃើញ ដោយបានដឹងអំពីប្រភពចម្លងច្បាស់លាស់ ខណៈ ៣២នាក់ទៀត ត្រូវបានរកឃើញពេលកំពុងធ្វើចត្តាឡីស័ក ហើយអាជ្ញាធរសុខាភិបាលអូស្ត្រាលី កំពុងធ្វើការសួរនាំអ្នកទាំង ៣២នាក់នោះតទៅទៀត ដើម្បីវែករកករណីពាក់ព័ន្ធ៕