(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៨៨២នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀតសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ២៣ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រ៉ងតែឯងរហូតដល់ ៥,៩៩៧ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០៦,៣៤០នាក់ ក្នុងនោះជាសះស្បើយ២១,៣៤៨នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសចំនួន៥២៤នាក់៕