(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ២០៧នាក់ ជាមួយករណីអ្នកឈឺធ្ងន់កើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
នៅថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ១៤,៥១៦ករណីទៀតផងដែរ។
សរុបមកវិញ ករណីឆ្លងសរុបនៅទូទាំងប្រទេសម៉ាឡេស៊ីកើនដល់ ១,០២៧,៩៥៤ករណី ក្នុងនោះស្លាប់ ៨,២០១ និងជាសះស្បើយ ៨៥៣,៩១៣នាក់។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកច្បាប់នៃប្រទេសម៉ាឡេស៉ី លោក Takiyuddin Hassan បានប្រកាសនៅថ្ងៃចន្ទនេះដែរថា ប្រទេសម៉ាឡេស៊ី នឹងមិនបន្តអូសបន្លាយការប្រកាសអាសន្នថ្នាក់ជាតិសម្រាប់ COVID-19 ដែលបានដាក់ចេញអស់រយៈពេលជាច្រើនខែមកហើយទៀតឡើយ ខណៈវានឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែសីហាខាងមុខនេះ៕