(អាឡាស្កា)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នឹងក្លាយជាមន្ត្រីកំពូលដំបូងគេបំផុត នៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលនឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្តឡើងវិញ ដើម្បីខ្ទប់ឥទ្ធិពលចិនដែលកំពុងកើនឡើងឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
សហរដ្ឋអាមេរិកបានចាត់ទុកថា ការប្រជែងជាមួយចិនគឺជាបេះដូង នៃគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ហើយរដ្ឋាភិបាលលោក ចូ បៃដិន ក៏បានហៅចិនថា «គូប្រជែងដ៏ធំបំផុតនៅក្នុងសតវត្សរ័ទី ២១» នេះផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរដ្ឋអាឡាស្កា នៅថ្ងៃចន្ទនេះ លោក Lloyd Austin បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «អ្នកទាំងអស់គ្នានឹងបានស្ដាប់លឺ ខ្ញុំនិយាយជាច្រើនពីភាពជាដៃគូ និងតម្លៃនៃភាពជាដៃគូ... ហើយគោលបំណងរបស់ខ្ញុំ នោះគឺការពង្រឹងទំនាក់ទំនងមិត្តភាព»។
គួរបញ្ជាក់ថា លោក Lloyd Austin នឹងផ្ដើមទស្សនកិច្ចមុនកិច្ចនៅសិង្ហបុរី នៅថ្ងៃអង្គារ ទី២៧ ខែកក្កដានេះ មុននឹងត្រូវជួបជាមួយថ្នាក់ដឹកនាំ ក្នុងប្រទេសវៀតណាម និងហ្វីលីពីន។ នៅក្នុងជំនួបទាំងនេះ លោកក៏ត្រូវបានគេរំពឹងដែរថា នឹងលើកឡើងពីសកម្មភាពកន្លងមកនេះរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយកត់សម្គាល់ពីសារៈសំខាន់នៃសេរីភាព និងការបើកចំហនៅក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ គាប់ជួនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បំពេញទស្សនកិច្ចនៅឥណ្ឌា និងប្រទេសជាដៃគូដទទៃទៀត ដើម្បីប្រមូលកម្លាំងទប់ទល់ជាមួយចិន៕