(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ជាង ២០គ្រឿង ទៅតំបន់ភាគខាងលិចប៉ាស៉ីហ្វិកក្នុងខែនេះ ដើម្បីចូលរួមសមយុទ្ធយោធាប្រចាំឆ្នាំមួយ ខណៈទង្វើនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការផ្ញើសារដោយផ្ទាល់ទៅកាន់ចិន ចំពោះមុខភាពតានតឹងក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

កងទ័ពអាកាសអាមេរិក នឹងចល័តយន្តហោះចម្បាំង F-22 សរុបចំនួន ២៥គ្រឿង ពីមូលដ្ឋាននៅរដ្ឋហាវ៉ៃ និងអាឡាស្កា ទៅកាន់កោះហ្គាំ និងកោះ ធីនៀន (Tinian) ដែលស្ថិតនៅមហាសមុទ្រប៉ាស៉ីហ្វិក ខណៈវាគឺជាផ្នែកនៃសមយុទ្ធយោធាប្រចាំឆ្នាំហៅថា ប្រតិបត្តិការ Iron នៃប៉ាស៊ីហ្វិកឆ្នាំ ២០២១ (Operation Pacific Iron 2021)។ មេបញ្ជាការយោធាអាមេរិកម្នាក់ បានលើកឡើងថា កងទ័ពអាកាសអាមេរិក ហាក់មិនដែលបញ្ជូនយន្តហោះ F-22 រួមគ្នាច្រើនបែបនេះ ទៅតំបន់ប៉ាស៉ីហ្វិកឡើយ។

យោងតាមទិន្នន័យផ្លូវការ សហរដ្ឋអាមេរិកសព្វថ្ងៃមានយន្តហោះចម្បាំង F-22 សរុបប្រហែល ១៨០គ្រឿង ក្នុងនោះជិតពាក់កណ្តាល គឺអាចចេញប្រតិបត្តិការបានភ្លាមៗ។ ដូច្នេះហើយក្រុមអ្នកវិភាគបានលើកឡើងថា ការដែលអាមេរិកសម្រេចចល័ត ២៥ភាគរយនៃយន្តហោះចម្បាំង F-22 ដែលអាច ចេញប្រតិបត្តិការភ្លាមៗទៅកាន់តំបន់ ដែលកំពុងមើលឃើញកំណើនឥទ្ធិពលរបស់ចិនបែបនេះ គឺអាចនិយាយថា ជាសារមួយផ្ញើទៅកាន់ទីក្រុងប៉េកាំងដោយចំៗតែម្តង។

គួរបញ្ជាក់ថា ក្រៅពីយន្តហោះចម្បាំង F-22 លំហាត់យោធារបស់អាមេរិកនោះ ក៏នឹងមានការចូលរួមពីយន្តហោះចម្បាំង F-15 ចំនួន ១៩គ្រឿង មកពីមូលដ្ឋាននៅរដ្ឋ អ៉ីដាហូ (Idaho) នៅភាគខាងលិចសហរដ្ឋអាមេរិក, យន្តហោះយោធាដឹកជញ្ជូន C-130J ចំនួន ០២គ្រឿង មកពីមូលដ្ឋាននៅជប៉ុន រួមជាមួយសមាជិកយោធាខ្ទង់ ៨០០នាក់ផងដែរ៕