(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍នៅថ្ងៃចន្ទនេះថា ព្យុះទីហ្វុង ណេផារតេក (Nepartak) កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះ ដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងនោះរួមទាំងទីក្រុងតូក្យូផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ចាប់តាំងពីព្យុះទីហ្វុង Nepartak ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយចូលទៅជិតភាគខាងកើត និងភាគឦសាននៃប្រទេសជប៉ុន កម្មវិធីប្រកួតមួយចំនួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏នឹងអាចរងឥទ្ធិពល ពីអាកាសធាតុដ៏អាក្រក់នេះដែរ។ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់យ៉ាងគំហុក ព្រមជាមួយនឹងខ្យល់បក់បោកខ្លាំង។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងតូក្យូ) ព្យុះទីហ្វុង Nepartak ដែលជាព្យុះទី ៨ នៃឆ្នាំ២០២១ បាននិងកំពុងធ្វើដំណើរទៅកាន់ភាគពាយ័ព្យ នៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងល្បឿនល្បឿនប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារឧតុនិយមរំពឹងថា ក្នុងរយៈពេល ២៤ម៉ោងខាងមុខ (គិតរហូតដល់ពេលរសៀលថ្ងៃអង្គារស្អែកនេះ) ទឹកភ្លៀងដែលធ្លាក់ចុះមក នឹងមានកម្រិតរហូតដល់ ១៥០មីល្លីម៉ែត្រនៅតំបន់ តូហូគុ (Tohoku) និង ១០០មីល្លីម៉ែត្រនៅតំបន់ កាន់តុ-កុស៊ីន (Kanto-Koshin) រួមទាំងទីក្រុងតូក្យូផងដែរ៕