(ប៉េកាំង)៖ មន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់ចិន នាថ្ងៃចន្ទនេះបានថ្លែងថា ទំនាក់ទំនងចិន-អាមេរិក ស្ថិតក្នុងសភាពជាប់គាំង ដោយសារតែសហរដ្ឋអាមេរិកចាត់ទុកចិន ជាសត្រូវក្នុងការស្រមើស្រមៃរបស់ខ្លួន ហើយលោកបានទទូចឲ្យទីក្រុងវ៉ាស៉ីនតោន ព្យាយាមផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវ និងនយោបាយគ្រោះថ្នាក់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីការបរទេសចិន លោក ស៊ី ហ្វឹង (Xie Feng) បានលើកឡើងដូចខាងលើ កំលុងជំនួបពិភាក្សាជាមួយ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែលបានទៅដល់ទីក្រុង ធានជិន (Tianjin) ភាគខាងជើងប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញ។ ក្នុងជំនួបទល់មុខគ្នា លោក Xie បាននិយាយដូច្នេះថា «អាមេរិកចង់បំផុសស្មារតីគោលដៅជាតិឡើងវិញ តាមរយៈការយកចិនធ្វើជាសត្រូវក្នុងក្តីស្រមៃរបស់ខ្លួន»។
លោកអនុរដ្ឋមន្រ្តីការបរទេសចិនបានបន្តទៀតថា «សហរដ្ឋអាមេរិកប្រកាន់យកនយោបាយ ដែលព្យាយាមរាំងខ្ទប់ការអភិវឌ្ឍនៃប្រទេសចិន ហើយធ្វើដូចជាវា នឹងអាចដោះស្រាយបញ្ហាក្នុងស្រុក និងក្រៅស្រុករបស់ខ្លួនបាន ព្រមទាំងនឹងធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ ហើយអនុត្ដរភាពរបស់អាមេរិក អាចបន្តទៅមុខទៀតយ៉ាងដូច្នោះ...»។
គួរបញ្ជាក់ថា លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ក៏នឹងត្រូវជួបពិភាក្សាគ្នាជាមួយ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) ផងដែរ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោក Wang បានថ្លែងថា ចិននឹងមិនទទួលយកដាច់ខាត ចំពោះការដែលសហរដ្ឋអាមេរិក ប្រកាន់យកគោលជំហរថា ខ្លួនតែងមានឋានៈខ្ពស់ជាងប្រទេសដទៃ៕