(ម៉ុមបៃ)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះភ្លៀងរដូវមូសុង នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩នាក់ហើយ ខណៈមនុស្សរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន អេភី (AP) នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
តំបន់ជាប់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងលើសកម្រិត ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ ដែលនឹងធ្វើឲ្យស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។
នៅក្នុងរដ្ឋមហារ៉ាស្រ្តា (Maharashtra) មនុស្សចំនួន ១៥៩នាក់បានស្លាប់ រួមទាំងមនុស្សជាង ៤០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ដោយសារគ្រោះរអិលបាក់ដីដ៏ធំមួយ បានវាយប្រហារភូមិ តាលីយ៉ា (Taliya) ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ុមបៃ (Mumbai) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ខណៈផ្ទះរាប់សិបខ្នងទៀត ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
កម្រិតទឹកបានកើនឡើងរហូតដល់ជិត ៦ម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ អស់រយៈពេល ២៤ម៉ោង ហើយមនុស្សប្រហែល ២៣ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅទូទាំងរដ្ឋ ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការដើម្បីស្វែងរកមនុស្សដែលកំពុងបាត់ខ្លួន។
ជុំវិញបញ្ហានេះ លោក អ៊ូដដាវ ថេកខឺរ៉ាយ (Uddhav Thackeray) អភិបាលរដ្ឋ Maharashtra បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ភ្លៀងធ្លាក់ខ្លាំង គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី មិនមែនជារឿងថ្មីសម្រាប់ប្រជាជននៅទីនេះទេ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនេះ គឺជារឿងដែលមិនអាចនឹកស្មានដល់.... ប្រជាជនមិនអាចថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេបាន ព្រោះតែកម្រិតទឹកជំនន់កើនឡើងលឿនពេក...»។
គួរបញ្ជាក់ថា បើតាមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ នៃវិទ្យាស្ថានឧតុនិយមឥណ្ឌា លោក រ៉ូស៊ី ម៉ាស៊ូ កូល (Roxy Mathew Koll) ស្ថិតនៅទីក្រុង Mumbai ភាគខាងត្បូងប្រទេសបានរាយការណ៍ថា ទឹកភ្លៀងបានធ្លាក់ចុះមករហូតដល់កម្រិត ៥៩៤មីលីម៉ែត្រកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រា រយៈពេលមួយសតវត្សរ៍មកនេះ។ វាជារឿងភ្ញាក់ផ្អើលបំផុតលើកទី ៣ ក្នុងរដូវវស្សានេះ បន្ទាប់ពីបាតុភូតស្រដៀងគ្នា បានកើកឡើងនៅតំបន់អឺរ៉ុប (អាល្លឺម៉ង់ និងប៊ែលហ្សិក) និងប្រទេសចិននៅក្នុងខែកក្កដានេះដូចគ្នា៕