(ប៉េកាំង)៖ ថ្មីៗនេះលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក (WHO) បានទទូចឱ្យប្រទេសចិនសហការជាលើកទី២លើផែនការការងារក្នុងការតាមដាន ស្រាវជ្រាវប្រភពនៃមេរោគ COVID-19 តាមរយៈលេសដែលបានចោទប្រកាន់ថាអាចមានការបែកធ្លាយវីរុសនេះពីមន្ទីរពិសោធន៍នៅក្រុងអ៊ូហាន់។
ខ្ញុំមានការសោកស្តាយដែលបានកត់សម្គាល់ថាផែនការនេះមិនត្រូវគ្នាជាមួយនឹងការសន្និដ្ឋាន និងអនុសាសន៍របស់របាយការណ៍ស្រាវជ្រាវរួមគ្នានៅដើមឆ្នាំនេះ រវាងចិន និងអង្គការសុខភាពពិភពលោកស្តីពីប្រភពនៃមេរោគ Covid-19 ដែលបានបញ្ជាក់យ៉ាងច្បាស់ថាប្រភពនៃមេរោគនេះមិនមែនជាការបែកធ្លាយចេញពី មន្ទីរពិសោធន៍នៅក្រុងអ៊ូហាន់។ ការលើកឡើងនូវផែនការទី២នេះ ហាក់ដូចជាប្រាស់ចាកនឹងស្មារតីវិទ្យាសាស្ត្រវេជ្ជសាស្រ្ត ហើយក៏ជាការបង្ហាញនូវ ការបាត់បង់ទំនុកចិត្តលើប្រទេសចិនដែលបានបំពេញនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងប្រកបដោយតម្លាភាពតាមក្រម និងនិយាមវិទ្យាសាស្រ្ត វេជ្ជសាស្ត្រកន្លងមក។
ការតាមដានប្រភពវីរុសគឺជាបញ្ហាវិទ្យាសាស្ត្រវេជ្ជសាស្រ្តដែលប្រកបដោយភាពម៉ឹងម៉ាត់ និងម៉ត់ហ្មត់ជាទីបំផុត ព្រមទាំងត្រូវបានកំណត់ដោយ ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត មិនមែនជាការកំណត់ដោយអ្នកនយោបាយទេ។ យើងមើលឃើញយ៉ាងច្បាស់ថាប្រជាជនចិន និងប្រជាជននៅទូទាំង ពិភពលោកមានសេចក្តីប្រាថ្នារួមគ្នាចំពោះបញ្ហានៃជំងឺ Covid-19 ហើយយើងបានទទួលស្គាល់និងបានយល់ច្បាស់ពីប្រភពនៃមេរោគនេះដែលបានចេញផ្សាយ ដោយអង្គការសុខភាពពិភពលោករួចទៅហើយ។ ប្រទេសនានាបានយល់ច្បាស់ថាពិភពលោកកំពុងរងគ្រោះពីមហន្តរាយនៃជំងឺនេះ។
វាមិនមែនជាការលំបាកក្នុងការរកឃើញពីដំណើរការនៃការស្វែងរកប្រភពនៃមេរោគនេះនោះទេ ហើយរយៈពេលមួយឆ្នាំក្នុងការទៅកាន់ប្រទេសចិនដើម្បី សិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ពីប្រភពនៃមេរោគនេះ ជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់ គឺចិនបានសហការប្រកបដោយតម្លាភាព និងបានគាំទ្រដល់ ដំណើរការនៃផែនការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅ និងលម្អិត ព្រមទាំងបាន ចេញទិន្នន័យរបាយការណ៍យ៉ាងច្បាស់លាស់ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តនៅដើមឆ្នាំនេះ។
យើងអាចនិយាយដោយត្រង់បានថាដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺ Covid-19 ប្រទេសចិនបានបញ្ជាក់ថាជាប្រទេសដែលមាន ការទទួលខុសត្រូវខ្ពស់ និងបានផ្តល់ទិន្នន័យប្រកបដោយតម្លាភាពជូនដល់អង្គការសុខភាពពិភពលោក និងពិភពលោកទាំងមូល។ យើងបានសង្កេតឃើញថា នៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅប្រទេសចិនរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តែងតែតម្លល់អាយុជីវិតប្រជាជនជាអាទិភាព ហើយបានបង្ហាញ ពីការរៀបចំនិងការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនេះដែរក្នុងឆន្ទៈមនុស្សធម៌ និងជួយការពារអាយុជីវិតរបស់ប្រជាជននៅលើពិភពលោក ប្រទេសចិនក៏បានកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជំនួយ បច្ចេកទេស ជំនួយសម្ភារៈវេជ្ជសាស្រ្តជូនដល់បណ្តាប្រទេសនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺនេះ។ ភាពជាអ្នកដឹកនាំ និងលទ្ធផល លេចធ្លោរបស់រដ្ឋាភិបាលចិននិងបក្សកុម្មុយនិស្តចិនបានក្លាយជាគំរូដ៏ល្អសម្រាប់បណ្តារដ្ឋាភិបាលនិងគណបក្សនយោបាយនានានៅជុំវិញពិភពលោក។
ផ្ទុយទៅវិញបន្ទាប់ពីការបរាជ័យនៃគោលនយោបាយផ្តល់នូវការចាក់ថ្នាំវ៉ាក់សាំងបង្ការការឆ្លងរីករាលដាលជាសកលនៃជំងឺនេះ បណ្តាបស្ចិមប្រទេសមួយចំនួន បានព្រងើយកន្តើយចំពោះអង្គហេតុហើយងាកទៅរកបង្កហេតុជាមួយប្រទេសចិនក្នុងគោលបំណងលាក់បាំងផលប៉ះពាល់អវិជ្ជមាននៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដោយបង្វែរការមិនពេញចិត្តរបស់ប្រជាជនរបស់ខ្លួនទៅទម្លាក់លើប្រទេសចិន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាវិទ្យាសាស្ត្រពិតជាមានភាពសុក្រឹត្យនិងយុត្តិធម៌ មនុស្សនៅក្នុងពិភពលោកអាចត្រូវបានគេបោកបញ្ឆោតមួយរយៈ តែវាមិនអាចត្រូវបាន បោកបញ្ឆោតជារៀងរហូតទេ។ ប្រទេសកម្ពុជា និងចិនគឺជាមិត្តដ៏រឹងមាំ ហើយប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺនេះ។ ដោយមានជំនួយយ៉ាងច្រើនពីមិត្តចិន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្កល់នូវអាយុជីវិតរបស់ប្រជាជនកម្ពុជាជាអាទិភាព និងបានដាក់ ចេញនូវវិធានការណ៍នានាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពលើការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា។
យើងមានហេតុផលជឿជាក់ថានៅពេលអនាគតកម្ពុជានិងចិននឹងបន្តរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ មិនត្រឹមតែកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតនេះទេ ប្រទេសយើងទាំងពីរកំពុងបន្តកិច្ចសហប្រតិបត្តិការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងបន្តលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា។ ចំពោះបញ្ហាផែនការលើកទី២នៃការសិក្សាស្រាវជ្រាវពីប្រភពនៃមេរោគ Covid-19 យើងបន្តគាំទ្រសេចក្តីសម្រេចចិត្តរបស់ប្រទេសចិន ហើយស្របពេលនេះយើងក៏បន្តអំពាវនាវដល់ប្រទេសមួយចំនួនបញ្ឈប់ការនិយាយបង្កាច់បង្ខូចដែលធ្វើឱ្យប្រទេសចិនឈឺចាប់ហើយយើងគួរងាកមករកសាមគ្គីភាពរួមគ្នាសម្រេចបាននូវសមិទ្ធផលដ៏ត្រឹមត្រូវ គឺការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺ Covid-19។
ខ្ញុំសង្ឃឹមថាក្នុងនាមជាអង្គការដែលមានសិទ្ធិអំណាចលើវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត អង្គការសុខភាពពិភពលោកនឹងប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីវិទ្យាសាស្ត្រ ប្រកបដោយវិជ្ជាជីវៈនិងវត្ថុបំណងផ្នែកវិទ្យាសាស្ត្រ ដោយបដិសេធដាច់ខាតចំពោះការប្រើប្រាស់លេសនៃបញ្ហាវិទ្យាសាស្រ្តជាឧបករណ៍របស់អ្នកនយោបាយ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន