(កាប៊ុល)៖ អគ្គមេបញ្ជាការយោធាថ្នាក់តំបន់ម្នាក់នៃសហរដ្ឋអាមេរិក បានអះអាងថា នឹងបន្តជួយគាំទ្រអាហ្វហ្គានីស្ថាន តាមរយៈការវាយប្រហារតាមដែនអាកាស ប្រឆាំងនឹងក្រុមតាលីបង់ បើទោះបីជាកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នឹងត្រូវដកចេញទាំងស្រុង ក្នុងពេលឆាប់ខាងមុខក្តី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមតាលីបង់នៅប៉ុន្មានសប្តាហ៍ កន្លងមកនេះ កាន់តែបង្កើនការវាយសម្រុករបស់ខ្លួន ដើម្បីដណ្តើមស្រុកនានារបស់អាហ្វហ្គានីស្ថានមកកាន់កាប់។ ស្ថានការណ៍នេះបានវិវឌ្ឍកាន់តែក្តៅគគុក នៅក្រោយពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីអំលុងខែមេសាបានប្រកាសថា នឹងដកកងទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ ឲ្យបានមុនខែកញ្ញា ឆ្នាំ២០២១ (មុនខួបមហាភេរវកម្ម ១១ កញ្ញា)។
យ៉ាងណាក៏ដោយ ចំពោះមុខស្ថានការណ៍អាសន្ន និងការសម្លឹងមើលមិនដាក់ភ្នែក ពីសំណាក់អន្តរជាតិ លោក ខេននែត ម៉ាខេនហ្ស៊ី (Kenneth McKenzie) អគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងកាប៊ុលថា «សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារតាមផ្លូវការ ដើម្បីគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយយើងក៏បានរៀបចំរួចហើយ ដើម្បីបន្តគាំទ្រនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ប្រសិនបើពួកតាលីបង់ នៅតែបន្តសកម្មភាពវាយប្រហារនោះ»។
គួរបញ្ជាក់ថា លោក ខេននែត ម៉ាខេនហ្ស៊ី ដែលជាអ្នកដឹកនាំ ទីបញ្ជាការយោធាភាគកណ្តាល ដែលរួមមានទាំងអាហ្វហ្គានីស្ថាននៅក្នុងនោះដែរ បានបដិសេធមិនឆ្លើយតប ចំពោះសំនួរពីសំណាក់ក្រុមអ្នកសារព័ត៌មានថា៖ តើសហរដ្ឋអាមេរិកនឹងបន្តការវាយប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រអាហ្វហ្គានីស្ថានដែរ ឬទេ បន្ទាប់ពីខ្លួនបញ្ចប់បេសកកម្មយោធា នៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១? លោក ម៉ាខេនហ្ស៊ី បានអះអាងត្រឹមថា «ការចង់បានជ័យជម្នះរបស់ក្រុមតាលីបង់ គឺជារឿងមិនអាចចៀសផុតបានឡើយ ប៉ុន្តែដំណោះស្រាយតាមផ្លូវនយោបាយ នៅតែអាចទៅរួច...»៕